ប្រមុខការទូតចិន៖ ចិន និងអឺរ៉ុបត្រូវតែប្រឆាំងនឹងចិត្តគំនិតសង្គ្រាមត្រជាក់
អូស្លូ៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី១២ ខែឧសភា បានថ្លែងថា ចិន និងអឺរ៉ុបត្រូវតែរួមគ្នាប្រឆាំងនឹងចិត្តគំនិតសង្រ្គាមត្រជាក់ ខណៈដែលរដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានស្វែងរកការកែតម្រូវឡើងវិញ នូវគោលជំហររបស់ពួកគេលើប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអូស្លូ ប្រទេសន័រវេស យ៉ាងដូច្នេះថា ឥឡូវនេះមនុស្សមួយចំនួនកំពុងនិយាយបំផ្លើស អំពីលទ្ធិប្រជាធិបតេយ្យ បើធៀបនឹងរបបស្វ័យភាព ហើយថែមទាំងឈានដល់ចិត្តគំនិតសង្រ្គាមត្រជាក់ថ្មី ។
លោក ឈីន បន្តថា ប្រសិនបើយើងមានសង្រ្គាមត្រជាក់ថ្មី នោះលទ្ធផលនឹងកាន់តែមហន្តរាយជាងពីមុន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងអឺរ៉ុបយ៉ាងធ្ងន់ធ្ងរ។
ប្រមុខការទូតចិនរូបនេះបានអំពាវនាវថា ប្រទេសចិន និងអឺរ៉ុបគួរតែរួមដៃគ្នា ប្រឆាំងនឹងចិត្តគំនិតនៃសង្រ្គាមត្រជាក់ ហើយដឹកនាំការពង្រឹងការសម្របសម្រួល និងការផ្លាស់ប្តូររវាងមហាអំណាចធំៗ។
ការអត្ថាធិប្បាយបែបនេះរបស់លោក ឈីន កាង ត្រូវបានធ្វើឡើងចំពេលដែលក្រុមរដ្ឋមន្រ្តីការបរទេសអឺរ៉ុប បានប្រមូលផ្តុំគ្នានៅទីក្រុងស្តុកខុល ក្នុងប្រទេសស៊ុយអែត ដើម្បីបើកកិច្ចប្រជុំស្វែងរកវិធីសាស្រ្តរួមមួយ ក្នុងការដោះស្រាយជាមួយប្រទេសចិន។
សហភាពអឺរ៉ុប និងចិនមិនបានមើលមុខគ្នាចំនោះទេ ដោយសារតែបញ្ហាជាច្រើន ក្នុងនោះមានដូចជាជម្លោះនៅអ៊ុយក្រែន, បញ្ហាទាមទារឯករាជ្យរបស់កោះតៃវ៉ាន់, ការប្រព្រឹត្តលើជនជាតិដើមភាគតិចអ៊ុយហ្គ័រ និងបញ្ហាសិទ្ធិមនុស្សជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា