អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌមានជ័យបានណែនាំប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៧ ខាងមុខឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមដំណើរដោយលោកអភិបាលខណ្ឌមានជ័យ លោកលោកស្រីក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ទី១៣ ខែឧសភាឆ្នាំ២០២៣ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាប្រពលរដ្ឋមានជីវភាពទីទ័លចំនួន២០គ្រួសារ នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យខណៈនោះលោក ក៏បានរំលឹកណែនាំប្រជាពលរដ្ឋសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៧ នាថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់គ្នាដើម្បីការពារសន្តិភាព ស្ថិរភាព និងនាំប្រទេសជាតិឱ្យមានការកសាងអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។នៅគ្រាដែលពេលវេលានៃការរៀបចំបោះឆ្នោតសកលនៅប្រមាណជាង២ខែទៀតប៉ុណ្ណោះ។

ឯកឧត្តម ស ថេត ក៏បានសំណេះ សំណាលជាមួយប្រជាពលរដ្ឋទាំង២០គ្រួសារខាងលើ ហើយក៏លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តការខិតខំប្រឹងប្រែងតស៊ូក្នុងជីវិតដោយកុំអស់សង្ឃឹម ជាពិសេសប្រឹងប្រែងប្រកបមុខចិញ្ចឹមជីវិត ដើម្បីឱ្យជីវភាពប្រសើរឡើង ជាមួយគ្នានោះក៏ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារចុះជួយតាមមូលដ្ឋានត្រូវ ពិនិត្យដោះស្រាយប្រជាពលរដ្ឋដែលមានជីវភាពលំបាកដោយមិនឱ្យបងប្អូនណាម្នាក់ដាច់បាយស្លាប់នោះទេ ជាក់ស្តែងនៅថ្ងៃនេះលោកបានទទួលព័ត៌មានពីក្រុមការងារថាមានបងប្អូនចំនួន២០គ្រួសារមានជីវភាពលំបាកក៏បានអញ្ជើញមកសំណេះសំណាលផ្ទាល់ជាមួយបងប្អូនហើយពិនិត្យឃើញថាបងប្អូនពិតជាមានជីភាពភាពលំបាកនឹងបាននាំយកអំណោយមួយចំនួនដើម្បីឧបត្ថម្ភជូនបងប្អូនក្នុងការសម្រួលដោះស្រាយជីភាពបងប្អូនបានមួយរយៈផងដែរ ។ កិច្ចការងារសប្បុរសនេះគឺក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតែបន្តដោះស្រាយគ្រប់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ ។

​ឯកឧត្តម ស ថេត ក៏បានណែនាំប្រជាពលរដ្ឋត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះថាគ្រឿងញៀនបានបង្កផលប៉ះពាល់ដល់អំពើអសន្តិសុខសង្គម ប៉ះពាល់សង្គមគ្រួសារ ប៉ះពាល់សុខភាព អាយុជីវិតខ្លួនឯង និងក៏ត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីនាំមកសុខសុវត្ថិភាពអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃផងដែរ។

សូមបញ្ជាក់ថា ៖ អំណោយដែលបានឧបត្ថម្ភជូនបងប្អូន ២០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ មី និងថវិកាចំនួន ១០ម៉ឺនរៀល៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner