លោក ហ្សេលេនស្គី និងសម្តេចសង្ឃ Pop ពិភាក្សាពីការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ុយក្រែន
វ៉ាទីកង់៖ បុរីវ៉ាទីកង់បានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជួបជាមួយសម្តេចសង្ឃ ប៉ាប់ ហ្វ្រង់ស៊ីស នៅថ្ងៃទី១៣ ខែឧសភា ដើម្បីពិភាក្សាគ្នាអំពីតម្រូវការក្នុងការជួយជនរងគ្រោះស្លូតត្រង់អ៊ុយក្រែន ដែលរងប៉ះពាល់ដោយសារតែជម្លោះជាមួយរុស្ស៊ី។
ក្នុងអំឡុងកិច្ចពិភាក្សារយៈពេល៤០នាទី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសម្តេចសង្ឃ ប៉ាប់ ហ្វ្រង់ស៊ីស បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងស្ថានភាពមនុស្សធម៌ និងនយោបាយនៅអ៊ុយក្រែន ដែលរងផលប៉ះពាល់បណ្តាលមកពីសង្រ្គាមដែលកំពុងបន្ត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់បុរីវ៉ាទីកង់។
ចំណែកនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្មីហាល់ បាននិយាយថា លោក ហ្សេលេនស្គី និងសម្តេចសង្ឃប៉ាប់ បានពិភាក្សាអំពីផែនការសន្តិភាពរបស់លោក ហ្សេលេនស្គី និងជំហានផ្សេងទៀតដែលបុរីវ៉ាទីកង់អាចធ្វើបាន ដើម្បីជួយអ៊ុយក្រែនសម្រេចបាននូវគោលដៅរបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន សម្តេចសង្ឃប៉ាប់ បាននិយាយថា គាត់មានឆន្ទៈធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ សម្រាប់សន្តិភាពនៅអ៊ុយក្រែន ដោយបន្ថែមថា បេសកកម្មកំពុងដំណើរការ ប៉ុន្តែវាមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ។ យ៉ាងណាមិញ ទាំងអ៊ុយក្រែន និងរុស្ស៊ី បាននិយាយថា ពួកគេមិនដឹងអ្វីអំពីបេសកកម្មបែបនេះទេ។
បន្ទាប់ពីជំនួបជាមួយសម្តេចសង្ឃ ប៉ាប់ ហ្វ្រង់ស៊ីស ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោក ចចជៀ មេឡូនី ផងដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងរ៉ូម ហើយបន្ទាប់មកលោក ហ្សេលេនស្គី នឹងបន្តដំណើរទស្សនកិច្ចនៅថ្ងៃអាទិត្យនេះ ទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា