លោក ពូទីន និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងពិភាក្សាពីសន្តិសុខស្បៀងសកល និងវិបត្តិអ៊ុយក្រែន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីបញ្ហាសន្តិសុខស្បៀងពិភពលោក និងការដោះស្រាយវិបត្តិអ៊ុយក្រែន ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី១៣ ខែឧសភា ជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា។

វិមានក្រឹមឡាំងបានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគាត់ ក្នុងការផ្គត់ផ្គង់ដល់ប្រទេសអាហ្វ្រិកដែលខ្វះខាត ជាមួយនឹងបរិមាណគ្រាប់ធញ្ញជាតិ និងជីយ៉ាងច្រើន រួមទាំងការចែកចាយដោយឥតគិតថ្លៃ។

បើតាមវិមានក្រឹមឡាំង លោក ពូទីន បានស្វាគមន៍ចំពោះសំណើរបស់លោក រ៉ាម៉ាហ្វូសា ទាក់ទងនឹងការចូលរួមរបស់មេដឹកនាំអាហ្វ្រិកមួយក្រុម ក្នុងកិច្ចពិភាក្សាដ៏មានសក្តានុពលលើការរំពឹងទុក សម្រាប់ដំណោះស្រាយនៃជម្លោះអ៊ុយក្រែន។ ជាមួយគ្នានេះ លោក ពូទីន បានអះអាងថា ភាគីរុស្ស៊ីតែងតែបើកចំហចំពោះការងារលើដំណោះស្រាយការទូតនៃវិបត្តិអ៊ុយក្រែន។

នាឱកាសនោះដែរ មេដឹកនាំទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់ ក្នុងការរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងអំឡុងពេលរៀបចំសម្រាប់កិច្ចប្រជុំកំពូល BRICS នានៅខែសីហា និងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកក្នុងខែកក្កដាខាងមុខនេះ។

មេដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីបញ្ហាសំខាន់ៗដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី-អាហ្រ្វិកខាងត្បូង ហើយបានឯកភាពគ្នាលើសារៈសំខាន់នៃការអភិវឌ្ឍន៍ទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យជាច្រើន៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner