ការបោះឆ្នោតសកលនៅថៃចាប់ផ្តើមហើយ ខណៈដែលលទ្ធផលបឋមរំពឹងថា នឹងចេញផ្សាយយប់ថ្ងៃអាទិត្យនេះ

បាងកក៖ នៅថ្ងៃអាទិត្យនេះ ប្រជាជនថៃកំពុងធ្វើដំណើរទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតសកលលើកដំបូងរបស់ប្រទេសថៃក្នុងរយៈពេល៤ឆ្នាំ។ អ្នកសង្កេតការណ៍កំពុងរង់ចាំមើលថាតើរដ្ឋាភិបាលដែលមានទំនាក់ទំនងនឹងយោធា នឹងអាចកាន់អំណាចបន្តទៀតបានដែរឬអត់ បន្ទាប់ពីពួកគេបានគ្រប់គ្រងអំណាចនៅក្នុងរដ្ឋប្រហារកាលពី៤ឆ្នាំមុន។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលបានដឹកនាំរដ្ឋប្រហារកាលពី៤ឆ្នាំមុន កំពុងស្វែងរកការបោះឆ្នោតឡើងវិញ ដោយមានការគាំទ្រពីគណបក្ស United Thai Nation។ ប៉ុន្តែគណបក្សភឿថៃ (PTP) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតបានឈរនៅលំដាប់កំពូល នៃការស្ទង់មតិចុងក្រោយបង្អស់ជាមួយនឹងអត្រាគាំទ្រជិត៤០ភាគរយ។ គណបក្សភឿថៃ (PTP) មានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។

លោក ថាក់ស៊ីន ត្រូវបានគេបណ្តេញចេញពីតំណែងក្នុងរដ្ឋប្រហារមុនឆ្នាំ២០០៦។ បច្ចុប្បន្នបេក្ខភាពនាយករដ្ឋមន្ត្រីថៃរបស់គណបក្សភឿថៃ (PTP) គឺកូនស្រីរបស់លោក ថាក់ស៊ីន គឺអ្នកនាង ផែថោងថាន ស៊ីណាវ៉ាត់។ គូប្រជែងបក្សប្រឆាំងមួយទៀត គឺគណបក្សផ្លាស់ទីឆ្ពោះទៅមុខ។ គណបក្សនេះជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការស្ទង់មតិ។

គណបក្សនេះបានពង្រីកការគាំទ្ររបស់ខ្លួនយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង ក្នុងអំឡុងពេលថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត។ សភាជាន់ទាបដែលមានសមាជិក៥០០នាក់ និងព្រឹទ្ធសភាដែលតែងតាំងដោយយោធា នឹងបោះឆ្នោតរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថៃបន្ទាប់។

សូមបញ្ជាក់ថា ប្រជាជនថៃប្រហែល៥២លាននាក់ដែលមានសិទ្ធិបោះឆ្នោតត្រូវបានគេរំពឹងថា នឹងទម្លាក់សន្លឹកឆ្នោតរបស់ពួកគេនៅក្នុងហិបឆ្នោត មុននឹងការិយាល័យបោះឆ្នោតបិទទ្វារនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យនេះ។

នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ប្រជាជនថៃនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាសរុប៥០០នាក់ សម្រាប់អាណត្តិថ្មីដែលមានរយៈពេល៤ឆ្នាំ។ ចំណែកឯ លទ្ធផលបោះឆ្នោតក្រៅផ្លូវការ អាចនឹងត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យនេះ៕

ប្រភព៖ NHK និង AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner