សហភាពអង្គការសង្គមស៊ីវិល៖ សារគំរាមរបស់គណបក្សភ្លើងទៀន មានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ

ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិល (ដែលមានសមាជិក២២ក្រុមយុវជន សមាគម អង្គការ) បានសម្ដែងការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចដែលបានគំរាមដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារដ្ឋាភិបាលថានឹងប្រមូលផ្ដុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន នៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប ធ្វើការបដិសេធ ចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

សហភាពអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា សារគំរាមនេះ មានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ ក្នុងកាលៈទេសៈកម្ពុជា កំពុងបើកព្រឹត្តិការណ៍ SEA GAMES ដែលសហគមន៍អន្តរជាតិ ប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះ សហភាពអង្គការសង្គមស៊ីវិលបានអំពាវនាវដូចខាងក្រោម៖
ទី១. សូមអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពបាតុកម្មណាមួយដែលបង្កបញ្ហាដល់សង្គមជាតិ និងបង្អាប់កិត្តិយសកម្ពុជាក្នុងព្រឹត្តិការណ៍ SEA GAMES ។ ដែលមិនបាននាំប្រយោជន៍អ្វីដល់ជាតិ ក្រៅពីបង់ខាតពេលវេលា សេដ្ឋកិច្ច និងបង្កភាពអនាធិបតេយ្យក្នុងសង្គមជាតិ។
ទី២. សូមអំពាវនាវដល់ថា្នក់ដឹកនាំ គណបក្សភ្លើងទៀន សូមដោះស្រាយបញ្ហាដោយសន្តិវិធី ដោយប្រឹក្សាជាមួយ ស្ថាប័នជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីបំពេញទម្រង់បែបបទតាមផ្លូវច្បាប់។ ជៀងវាងការប្រើប្រាស់រូបភាពបាតុកម្ម គំរាមដល់ការប្រើប្រាស់និតីច្បាប់របស់ជាតិ។

សហភាពអង្គការសង្គមស៊ីវិល សូមសម្តែងការសោកស្តាយផងដែរចំពោះគណបក្សភ្លើង ទៀន ជាដដែលៗមិនចេះរក ដំណោះស្រាយតាមផ្លូវច្បាប់។

ក្នុងនាមសហភាពអង្គការសង្គមស៊ីវិល សូមអំពាវដល់បណ្តារអង្គការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសចូលរួម ថកោលទោសចំពោះបាតុកម្មទាំងឡាយណាដើម្បីប្រយោជន៍បុគ្គល បក្សមួយក្រុមតែមិនមែនដើម្បីប្រយោជន៍ជាតិ និងការយកនីតិរដ្ឋជាធំ៕
ដោយ៖ពលជ័យ

ads banner