ចិនបញ្ជាឱ្យ Tesla ប្រមូលរថយន្ត១.១លានគ្រឿងត្រលប់ទៅវិញ ដោយសារបញ្ហាប្រព័ន្ធហ្វ្រាំង

ប៉េកាំង៖ និយតករទីផ្សាររបស់ប្រទេសចិនបានបញ្ជាឱ្យ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏លេចធ្លោរបស់ពិភពលោក ប្រមូលរថយន្តចំនួន១.១លានគ្រឿងត្រលប់ទៅវិញ ដោយលើកឡើងពីបញ្ហាប្រព័ន្ធបង្កើនល្បឿន និងហ្វ្រាំង នៃម៉ូដែលរថយន្តមួយចំនួន ដែលផលិតនៅចិន និងក្រៅប្រទេស។

រថយន្តមួយចំនួនដែលកំពុងមានបញ្ហា នឹងត្រូវបញ្ជូនទៅកាន់ក្រុមហ៊ុនដើមវិញនោះ មានដូចជារថយន្តស៊េរី Model S, Model X និង Model 3 ដែលចិនបាននាំចូលពីក្រៅប្រទេស ហើយក៏មានរថយន្តមួយចំនួនដែលបានផលិតនៅក្នុងប្រទេសចិនផ្ទាល់ផងដែរ មានដូចជារថយន្តស៊េរី Model 3 និង Model Y ដែលផលិតនៅចន្លោះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់និយតករបាននិយាយថា ក្រុមហ៊ុន Tesla បានបញ្ជាក់ថា ខ្លួននឹងជួសជុលរថយន្តរបស់ខ្លួនឡើងវិញ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពសូហ្វវែ ដែលបញ្ជូនដោយឥតខ្សែទៅកាន់រថយន្តទាំងនោះ។ នេះជាការប្រមូលរថយន្ត Tesla លើកទីពីរក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការប្រមូលមកវិញនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែឧសភា ហើយក្រុមហ៊ុន Tesla នឹងជូនដំណឹងដល់ម្ចាស់រថយន្តដែលពាក់ព័ន្ធ តាមសំបុត្រ ឬសារអេឡិចត្រូនិច។

សូមបញ្ជាក់ថា ចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Tesla ជាមួយនឹងប្រាក់ចំណូលពីប្រទេសនេះកើនឡើងដល់១៨.២ពាន់លានដុល្លារកាលពីឆ្នាំ២០២២ និង១៣.៨ពាន់លានដុល្លារកាលពីឆ្នាំ២០២១៕

ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner