Apple នឹងបើកហាងលក់អនឡាញដំបូងបំផុតនៅវៀតណាម
ហាណូយ៖ ក្រុមហ៊ុន Apple គ្រោងនឹងបើកដំណើរការហាងលក់អនឡាញដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសវៀតណាមនាសប្តាហ៍ក្រោយ។ Apple ស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សទូទាំងពិភពលោកផ្សេងទៀត មានដូចជា Intel, Samsung និង LG ដែលបានជ្រើសរើសប្រទេសវៀតណាម ដើម្បីដំឡើងផលិតផលរបស់ពួកគេ។
អនុប្រធានជាន់ខ្ពស់ផ្នែកលក់រាយរបស់ក្រុមហ៊ុន Apple លោក Deirdre O’Brien បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធើណិតជាភាសាវៀតណាមថា យើងមានកិត្តិយសក្នុងការពង្រីកខ្លួននៅក្នុងប្រទេសវៀតណាម។ លោក O’Brien បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តាមរយៈហាងលក់អនឡាញ អតិថិជននៅក្នុងប្រទេសវៀតណាមអាចរកទិញផលិតផល និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញដែលមានបទពិសោធន៍របស់យើង។
រដ្ឋាភិបាលវៀតណាមបាននិយាយថា ខ្លួនចង់ឱ្យប្រជាជនពេញវ័យ៨៥ភាគរយ មានលទ្ធភាពប្រើប្រាស់ស្មាតហ្វូននៅឆ្នាំ២០២៥ ពោលគឺកើនឡើងពី៧៣ភាគរយក្នុងពេលបច្ចុប្បន្ន។ បើតាមវេទិកាស្រាវជ្រាវស្ថិតិទីផ្សារ តិចជាងមួយភាគបីនៃអ្នកប្រើប្រាស់ទូរស័ព្ទនៅក្នុងប្រទេសវៀតណាម គឺប្រើប្រាស់ទូរស័ព្ទ iPhone។ ការផលិតគ្រឿងបន្ថែម និងការដំឡើងទូរស័ព្ទមានរហូតដល់៧០ភាគរយ នៃការផលិតគ្រឿងអេឡិចត្រូនិកក្នុងប្រទេសវៀតណាម។
ផលិតផលទាំងអស់នោះគឺសម្រាប់នាំចេញជាចម្បង។
យោងតាមតួលេខផ្លូវការបានបង្ហាញថា ឧស្សាហកម្មផលិតទូរស័ព្ទចល័តរបស់វៀតណាមទទួលបានប្រាក់ចំណូលពីការនាំចូល និងនាំចេញចំនួន១១៤ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ដែលប្រហែលជាមួយភាគបីនៃប្រាក់ចំណូលនាំចូល និងនាំចេញសរុបរបស់ប្រទេសវៀតណាម៕
ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា