មេដឹកនាំ G7 នឹងបង្ហាញពីឆន្ទៈដ៏រឹងមាំទៅកាន់ពិភពលោក
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ការរៀបចំចុងក្រោយ កំពុងដំណើរការ ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំជប៉ុន និងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រសិនបើកាលៈទេសៈអំណោយផល។
ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន លោក ម៉ាស៊ូណូ ហ៊ីរ៉ូកាហ្ស៊ូ នៅថ្ងៃចន្ទនេះ បាននិយាយអំពីការប្រកាសរបស់រដ្ឋាភិបាលអាមេរិកដែលថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរមកដល់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ហើយក៏នឹងមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា។
លោក ម៉ាស៊ូណូ បាននិយាយថា ប្រទេសជប៉ុនសង្ឃឹមថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីឆន្ទៈដ៏រឹងមាំរបស់មេដឹកនាំ G7 ដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិដែលសេរី និងបើកចំហ ដោយផ្អែកលើនីតិរដ្ឋ។ លោកថា ជប៉ុនក៏គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយមេដឹកនាំអាមេរិក និងកូរ៉េខាងត្បូងនៅខាងក្រៅកិច្ចប្រជុំកំពូល G7 ផងដែរ ដើម្បីពិភាក្សាឱ្យស៊ីជម្រៅលើបញ្ហាសន្តិសុខក្នុងតំបន់។
ស្របពេលជាមួយគ្នានេះដែរ លោក ម៉ាស៊ូណូ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរារាំង និងការឆ្លើយតប នៅពេលដែលបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែតានតឹងឡើង ដោយសារតែការបន្តបង្កហេតុរបស់កូរ៉េខាងជើង៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា