មនុស្ស១៣នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសម៉ិកស៊ិក

ម៉ិកស៊ីកូ៖ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ នៅពេលដែលរថយន្តអ្នកដឹកនាំមួយគ្រឿង និងរថយន្តដឹកទំនិញមួយគ្រឿងទៀតបានបើកបុកគ្នានៅលើផ្លូវហាយវ៉េមួយកន្លែង ដែលស្ថិតនៅភាគឦសានប្រទេសម៉ិកស៊ិក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងពេលកើតហេតុ រថយន្តទាំងពីរបានខ្ទាតធ្លាក់ចេញពីផ្លូវមួយកន្លែងរវាងទីក្រុងហ្សារ៉ាហ្គោហ្សា និងហ៊ីដាល់ហ្គោ ក្នុងរដ្ឋព្រំដែនតាម៉ូលីប៉ាស់។ រូបភាពដែលអាជ្ញាធរបានចែករំលែកបង្ហាញថា រថយន្តដឹកអ្នកដំណើរស្ទើរតែត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ហើយរថយន្តដឹកទំនិញមួយគ្រឿងទៀតក៏ត្រូវភ្លើងឆេះធ្ងន់ធ្ងរផងដែរ។

តាមការសន្និដ្ឋានបឋម អ្នកបើករថយន្តទំនងជារត់គេចខ្លួនបាត់ហើយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជាង២០នាក់ប្រហែលជាបានស្លាប់នៅក្នុងហេតុការណ៍រថយន្តបុកគ្នា ដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះនេះ។ ជនរងគ្រោះទាំងអស់ប្រហែលជាជាសមាជិកនៃគ្រួសារមួយ ដែលបានជួលរថយន្តដើម្បីបើកទៅទីក្រុងម៉ុនធើរ៉េ ភាគខាងជើងនៃរដ្ឋវើរ៉ាគ្រូស។

គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសម៉ិកស៊ិក បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជារឿយៗកើតឡើងដោយសារតែការបើកបរក្នុងល្បឿនលឿន, ស្ថានភាពរថយន្តមិនល្អ ឬអ្នកបើកបរអស់កម្លាំងពេលបើកបរផ្លូវឆ្ងាយ។ ទន្ទឹមគ្នា អង្គការស៊ីវិលបានទាមទារឲ្យមានបទប្បញ្ញត្តិតឹងរ៉ឹង ដើម្បីទប់ស្កាត់ចំនួនអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner