បណ្ឌិត ហ៊ុន ម៉ាណែត៖ ជោគជ័យនៃការលើកកម្ពស់កិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ជោគជ័យនៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មតាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង៥០០ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់សមិទ្ធផលធំៗរបស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រខុសៗគ្នា ហើយវាជាមោទនភាពជាតិ ក្នុងការដែលយើងអាចចែករំលែកឱ្យពិភពលោកបានដឹង និងបានស្គាល់អំពីអត្តសញ្ញាណរបស់ជាតិយើង។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់នូវអតីតកាលដ៏សែនជូរចត់ ដូច្នេះក្នុងបរិយាកាសសុខសាន្ត និងសម្បូរសប្បាយដូចបច្ចុប្បន្ន ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner