ឯកឧត្តម នេត្រ ភក្រ្តា ៖ រយៈពេលជាង ១០ឆ្នាំមន្រ្តីឧទ្យាននុរក្សខេត្តកោះកុង និងអង្គការដៃគូពាក់ព័ន្ធបានចាប់ឃាត់ និងប្រមូលរណាយន្តបានជាង ៦ពាន់គ្រឿង
ខេត្តកោះកុង ៖ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា វត្ថុតាងនៅស្នាក់ការស្រែអំបិល ក្នុងនោះមានរណាយន្ត ជាឧបករណ៍ប្រព្រឹត្តបទល្មើស ដែលបានបង្រ្កាបដោយមន្រ្តីឧទ្យានុរក្ស ក្រោមកិច្ចសហការជាមួយអង្គការដៃគូ ពាក់ បានចុះបង្រ្កាប និងរឹបអូសបាន ដោយរយៈពេលជា១០ឆ្នាំ ប្រមូលរណាយន្តបានប្រមាណ ៦ពាន់គ្រឿង ដែលមិនទាន់អស់នៅឡើយនោះទេ ហើយនៅតាមទីស្នាក់ការផ្សេងៗទៀតក៏មានដែរ ។
ឯកឧត្តម គូសបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ បានប្រមូលរណាយន្តបានចំនួន ៦៨៦០ រណាយន្ត នៅក្នុងក្របខណ្ឌនៃការទប់ស្កាត់ បទល្មើស ហើយរណាយន្ត នេះគឺជាបញ្ហាប្រឈមមួយ ដែលជាឧបករណ៍ដែល បំផ្លាញព្រៃឈើ ។
ឯកឧត្តម បន្ថែមថា រណាយន្តនេះក៏ស្ថិតនៅក្នុងផ្នែកមួយដែលច្បាប់ហាមឃាត់ ដែលនៅក្នុងចំណោមវត្ថុតាងទាំងនេះក៏ស្ថិតនៅក្នុងបទល្មើសសត្វព្រៃដែរ ជាពិសេសគឺការចាប់សត្វស្វា ដែលគេប្រើប្រាស់ឧបករណ៍នេះដើម្បីកាត់ផ្តូលរំលំ ដើមឈើ ដើម្បីឱ្យសត្វស្វារត់ទៅទំកន្លែងដើមឈើ១ដើម ហើយចុងក្រោយគឺចាប់យកតែម្តង។
ការលើកឡើងបែបនេះ របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ធ្វើឡើងនៅក្នុងឱកាសដែល បានដឹកនាំអ្នកសារព័ត៌មាន និងមន្រ្តី និងអង្គការដៃគូពាក់ព័ន្ធ អញ្ជើញទស្សនកិច្ចនៅឃ្លាំងស្តុកវត្ថុតាង នៅស្នាក់ការល្បាតស្រែអំបិល ខេត្តកោះកុង។
ឯកឧត្តម នេត្រ ភក្រ្តា បន្តថា នៅក្នុងតំបន់ជួរភ្នំក្រវាញនេះ ទាំងការគ្រប់គ្រងបទល្មើស ទាំងការដោះអន្ទាក់មានភាពល្អប្រសើរ ហើយបទល្មើសដែលកើតឡើងគឺត្រូវបានទប់ស្កាត់និងបង្រ្កាប អន្ទាក់ជាច្រើនត្រូវបានដោះ ដោយក្នុងនោះនៅទូទាំងប្រទេសអន្ទាក់ប្រមាណជិត ១០ម៉ឺនអន្ទាក់ ដែលភាគច្រើនគឺត្រូវបានដោះនៅក្នុងជួរភ្នំក្រវាញ ។
ឯកឧត្តម បន្តថា ជួរភ្នំក្រវាញគឺជាទិសដៅសំខាន់នៃបទល្មើស ដែលកន្លែងនេះសំបូរទៅដោយឈើ ក៏ដូចជាសត្វកម្រៗ ដែមានវត្តមាននៅទីនេះ ហើយការរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តកោះកុងនេះក៏ជាទិសដៅសំខាន់នៅក្នុងការបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺជនល្មើសត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបទល្មើសទាំងអស់នេះ ហើយចូលរួមមក ការពារនិងអភិរក្សធនធានធម្មជាតិរបស់យើង។ តាមរយៈវិធានការដែលបានដាក់ចុះដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានសហការគ្នា នៅក្នុងការអភិរក្សនៅតំបន់នេះ បានធ្វើឱ្យតំបន់ការពារធម្មជាតិនៅក្នុងខេត្ត ពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញនេះ មានភាពល្អប្រសើរឡើង ហើយទីតាំងនេះក៏ជាផ្នែកមួយនៃការលក់ឥណទានកាបោណមួយចំនួនដែរ ជាមួយគ្នានេះក្រសួងក៏កំពុងតែពង្រឹងទៅលើប្រសិទ្ធភាពនៃការអភិរក្សតាមរយៈការ ដាក់ចុះនូវផែនការអភិវឌ្ឍ សហគមន៍មូលដ្ឋាន ដែលថវិកា បានមកគឺពង្រឹងទាំងការអនុវត្តន៍ច្បាប់ផង និងពង្រឹងទាំងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសំរាប់សហគមន៍មូលដ្ឋានផងដែរ៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា