ទស្សនៈពលរដ្ឋ៖ ធ្វើនយោបាយជិត៣ទសវត្សរ៍ មិនអាចរកឯកសារចុះឈ្មោះបក្សនយោបាយរបស់ខ្លួនបាន

ភ្នំពេញ៖ ពិតជាគួរឱ្យហួសចិត្ត និងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀន ដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួន ដើម្បីចូលរួមបោះឆ្នោតក៏រកមិនបានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជីឱ្យគណបក្សនេះទេ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។

វាពិតជារឿងមិនគួរឱ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត៣០ឆ្នាំក្នុងឆាកនយោនបាយ បែរជាទីបំផុតរកឯកសារឱ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ១០យ៉ាង ដែលមិនអាចខ្វះបាន ពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។

ជាក់ស្តែង គណបក្សមួយចំនួន ជាពិសេសគណបក្សប្រជាជនកម្ពុជាបានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើកទទួលម៉្លេះ។ ហេតុអ្វីត្រូវស្រូតរូតរះ? ពីព្រោះទី១៖ គេបានត្រៀមលក្ខណៈជាមុនរួចស្រេចអស់ ហើយដោយមិនចាំបាច់អែអង់ឡើយ និងទី២៖គេចង់បង្ការក្រែងមានការខ្វះខាតអ្វីជាយថាហេតុ គេមានពេលវេលាគ្រប់គ្រាន់ដើម្បីកែតម្រូវ។ ចំណែកឯបក្សភ្លើងទៀន បានទៅចុះបញ្ជីនៅថ្ងៃចុងក្រោយ ហើយនៅតែខ្វះឯកសារទៀត។ ក្រោយពីពិនិត្យពាក្យសុំចុះបញ្ជី គ.ជ.ប បានប្រកាសជូនដំណឹងទៅបក្សភ្លើងទៀនឱ្យបំពេញលក្ខខណ្ឌចំនួន៣ ដែលខ្វះខាត៖ ទី១ ត្រូវមានឯកសារដើមនៃការចុះឈ្មោះបក្សនយោបាយនៅក្រសួងមហាផ្ទៃ ទី២ ត្រូវមានបង្កាន់ដៃបង់ប្រាក់តម្កល់នៅរតនាគារជាតិចំនួន១៥លានរៀល និងទី៣ ត្រូវដកឈ្មោះលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនតំណាងរាស្ត្រ ពីព្រោះបុគ្គលរូបនេះមិនទាន់ទទួលបានសម្បទារឡើងវិញសម្រាប់ឈរឈ្មោះបោះឆ្នោតឡើយ បន្ទាប់ពីតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីពេលកន្លងទៅ។ ឯកសារចុងក្រោយដែលគណបក្សភ្លើងទៀនមិនបានបំពេញគឺ ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។

គ្រាន់តែលក្ខខណ្ឌប៉ុណ្ណឹងសោះ ហេតុអ្វីបក្សភ្លើងទៀនមិនអាចបំពេញបាន? «នេះគឺជាលទ្ធផលនៃកម្សោយផ្លូវច្បាប់ និងធនធានមនុស្ស និងជាពិសេស ភាពខ្ជីខ្ជាររបស់គណបក្សភ្លើងទៀនទើបបណ្តាលឱ្យជួបបញ្ហាបែបនេះ»។ ភាពកម្សោយទាំងនេះ មិនមែនជារឿងចម្លែកទេសម្រាប់បក្សនយោបាយមួយដែលកំពុងបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ គ្រាន់តែសេចក្តីថ្លែងការណ៍ដែលចេញប៉ុន្មានថ្ងៃចុងក្រោយនេះ ក៍ជាភស្តុតាងដែលបានបញ្ជាក់យ៉ាងច្បាស់រួចទៅ ហើយអំពីភាពច្របូកច្របល់ផ្ទៃក្នុងរបស់បក្សភ្លើងទៀន។

លោក សុន ឆ័យ អនុប្រធានគណបក្សនេះបានទទួលស្គាល់នៅចំពោះមុខសកម្មជនរបស់ខ្លួនថា ពិតជាមានភាពច្របូកច្របល់ផ្ទៃក្នុងគណបក្សមែន ដែលសូម្បីតែរូបលោកក៏មិនបានដឹងថា តើអ្នកណាចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ ឧសភា នោះផងទេ ពីព្រោះវាជាសេចក្តីថ្លែងការណ៍ខុសទាំងស្រុង។ នៅជ្រុងមួយទៀត មន្ត្រី និងសកម្មជនជាច្រើនរបស់គណបក្សភ្លើងទៀន ក៍បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្ស
ប្រជាជនកម្ពុជា ដែលធ្វើឱ្យគណបក្សនេះ ជួបបញ្ហាវឹកវរផ្ទៃក្នុងកាន់តែខ្លាំង។ ចំណែកឯក្បាលម៉ាស៊ីនដឹកនាំវិញរឹតតែវឹកវរខ្លាំងថែមទៀត ដោយសារតែអ្នកខ្លះជួបរឿងអាស្រូវផ្លូវភេទដ៏គួរឱ្យអាម៉ាស់។ តួយ៉ាងលោក លី សុធារ៉ាយុត្តិ ចំណែកឯ លោក ថាច់ សេដ្ឋា ក៍មានរឿងក្តីក្តាំជំពាក់លុយគេហើយកំពុងជាប់ពន្ធនាគារ ខណៈ លោក សុន ឆ័យ ក៏រងពាក្យបណ្តឹងបរិហារកេរ្តី៍យ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ការដណ្តើមអំណាចគ្នាក៏បានដុតរោលគណបក្សនេះឱ្យក្តៅឆាបឆួលស្ទើរឆេះទៅហើយ។

ក្នុងស្ថានភាពបែបនេះ គេប្រាកដជាអាចយល់បានថា គណបក្សនេះគ្មានសមត្ថភាព និងគ្មានសម្បទារគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចជាគណបក្សដែលឈរឈ្មោះឱ្យពលរដ្ឋបោះឆ្នោតបានឡើយ។ ប៉ុន្តែវិបត្តិផ្ទៃក្នុង និងអសមត្ថភាពរបស់ខ្លួន មិនត្រូវបង្វែរទៅជាកំហុសរបស់ គ.ជ.ប ឬអ្នកដទៃនោះឡើយ។

តាមទម្លាប់ បក្សប្រឆាំងមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនទេ ពោលគឺតែងតែទម្លាក់កំហុសទៅលើអ្នកដទៃ ជាពិសេសទៅលើបក្សកាន់អំណាច។ ករណីការចុះបញ្ជីគណបក្សនាពេលនេះ ក៏ទំនងជាមិនខុសគ្នាឡើយ។ ច្បាស់ជាមានអ្នកទាញឱ្យទៅជាកំហុសរបស់ គ.ជ.ប ឬកំហុសរបស់គណបក្សប្រជាជនកម្ពុជាមិនខាន
តាមរយៈការបង្វែរសាធារណៈមតិឱ្យយល់ច្រឡំថា មកពី គ.ជ.ប ឬបក្សកាន់អំណាច ឬ លោកនាយករដ្ធមន្ត្រី ហ៊ុន សែន រារាំងមិនចង់ឱ្យបក្សភ្លើងទៀនចូលរួមបោះឆ្នោត។

ប្រសិនបើមានការលើកឡើងបែបនោះមែន ក៏គ្មាននរណាគេជឿនោះដែរ ពីព្រោះនេះជាកម្សោយខាងផ្លូវច្បាប់របស់បក្សភ្លើងទៀនខ្លួនឯង ដែល គ.ជ.ប បានប្រកាសឱ្យដឹងជាសាធារណៈអស់ហើយ ពោល«បើជាងមិនកើត កុំបន្ទោសដែក» ព្រោះ «គ.ជ.ប. គេអនុវត្តស្តង់ដារតែ១ ច្បាប់គឹច្បាប់ ច្បាប់វាតឹង ប៉ុន្តែវាជាច្បាប់» «La loi c’est la loi, la loi est dure mais c’est la loi»។

កន្លងមកនេះ ក៍មានគណបក្សនយោបាយដល់ទៅ៥ ដែល គ.ជ.ប បានស្នើសុំឱ្យកែតម្រូវ និងបំពេញបន្ថែមឯកសារដែលខ្វះខាត ប៉ុន្តែគណបក្សទាំងនោះ បានបំពេញតាមតម្រូវការរបស់ គ.ជ.ប បានទាន់ ពេលវេលា ចម្លែកអ្វីតែបក្សភ្លើងទៀនមិនអាចធ្វើបាន។ ប្រការនេះពិតជាសរបញ្ជាក់ឱ្យឃើញថា គណបក្សដែលមានចំណាស់ជិត៣ទសវត្សរ៍ក្នុងឆាកនយោបាយមួយនេះ នៅតែគ្មានសមត្ថភាព គ្មានធនធានមនុស្សគ្រប់គ្រាន់ គ្មានកំណើត និងនៅតែបែកបាក់ផ្ទៃក្នុងយ៉ាងខ្ទេចខ្ទាំដដែល។

ភាពកម្សោយទាំងអស់នេះ ជាសក្ខីភាព និងជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដែលបញ្ជាក់អំពីការចុះទន់ខ្សោយរបស់បក្សប្រឆាំងនៅកម្ពុជា។ នេះក៏ជាហេតុផលសត្យានុម័តដែលសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងបានមកចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់៕
ដោយ៖អ្នកនយោបាយតុកាហ្វេ

ads banner