គណបក្សខ្មែររួបរួមជាតិ គាំទ្រសេចក្តីសម្រេចរបស់ គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ របស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានចេញសេចក្តីថ្លែងការណ៍ជុំវិញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការបដិសេធការចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដូចតទៅ៖
១-គាំទ្រទាំងស្រុងសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើការចុះឈ្មោះគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ ពីព្រោះជាការអនុវត្តន៍ស្តង់ដារតែមួយរបស់ គ.ជ.ប ទៅលើបណ្ដាគណបក្សនយោបាយនៅកម្ពុជាទាំងអស់ដោយស្មើភាព គ្មានការរើសអើង។
២-អំពាវនាវឱ្យក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តម្កល់ និងរក្សាទុកជាបានការសេចក្ដីសម្រេចរបស់ គជប ស្ដីពីការបដិសេធការចុះបញ្ជីគណបក្សនយោបាយភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧។
៣-ជាមួយនឹងការសោកស្តាយ ដែលគណបក្សភ្លើងទៀន មិនបំពេញបែបបទតាមលក្ខខណ្ឌតម្រូវរបស់ គជប ទោះដោយចេតនា ឬអចេតនាក្តី ដែលនាំឱ្យខកខានមិនអាចចុះបញ្ជីឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ គណបក្សខ្មែររួបរួមជាតិ សូមអំពាវនាវដល់សមាជិក និងអ្នកមានសមាន្យចិត្តគាំទ្រគណបក្សភ្លើងទៀន កុំបន្តធ្វើសកម្មភាពតវ៉ា ឬប្រឆាំង ដោយការតស៊ូមតិតាមសន្តិវិធីក្តី តាមរូបភាពណាក្តី ព្រោះគ្មានទទួលអ្វី ក្រៅពីបង្កការវឹកវរ ប៉ះពាល់សណ្តាប់ធ្នាប់ ប៉ះពាល់សេដ្ឋកិច្ច សង្គម និងនាំឱ្យមានគ្រោះថ្នាក់ និងប្រឈមផ្លូវច្បាប់តែប៉ុណ្ណោះ៕
![](https://asset.ams.com.kh/central/media/2023/05/photo_2023-05-15_20-25-41-723x1024.jpg)