រាជធានីដាក់ប្រើប្រាស់អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ (Video Inside)
អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់សម្ពោធត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខណៈមានការព្យាករណ៍ថា សំណល់ភក់បង្គន់នៅភ្នំពេញរហូតដល់ឆ្នាំ២០៣៥ នឹងកើនឡើងដល់៣៣ ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំៗ។
ពិធីថ្ងៃទី១៩ឧសភានេះធ្វើឡើងនៅក្រោមវត្តមានចូលរួមរបស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដោយស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់ប្រមាណមួយលាន មួយសែន ប្រាំបួនម៉ឺន បួនពាន់ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣លាន៧សែនដុល្លារ។
លោក ឃួង ស្រេង បានថ្លែងបន្តថានៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅភ្នំពេញ នឹងកើនឡើងដល់ប្រមាណ ៣៣ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំ។
យោងតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២ម៉ឺន៦ពាន់ម៉ែត្រគូបក្នុងមួយឆ្នាំ ប៉ុន្តែក្រោយមកបានកើនជាលំដាប់អាស្រ័យដោយកំណើនប្រជាពលរដ្ឋ។