អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល និយាយប្រដៅអ្នករិះគន់ (Video Inside)

អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បាននិយាយណែនាំក្រុមដែលធ្វើការរិះគន់លើរូបលោក ដោយសារតែលោកបានសម្រេចចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល។

លោក ព្រាប កុល ត្រូវបានតែងតាំងតាមព្រះរាជក្រឹត្យថ្ងៃទី១៣ ឧសភា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តចូលរួមរបស់លោក ព្រាប កុល បំរើការងារជូនរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ បាននាំឱ្យមានមនុស្សមួយចំនួនបានប្រើសម្តីវាយប្រហារ និងប្រមាថដល់ឧត្តមគតិរបស់លោកថែមទៀត។

លោក ព្រាប កុល បានចាត់ទុកថានោះមិនមែនជាទង្វើរបស់អ្នកប្រជាធិបតេយ្យពិតប្រាកដឡើយ។ លោក ព្រាប កុល បានប្រាប់សារព័ត៌មានក្នុងស្រុក ដោយអំពាវនាវទៅអ្នករិះគន់ទាំងនោះវិញ ត្រូវចេះគោរពលើការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ។

ការសម្រេចចិត្តរបស់អតីតប្រធានអង្គការតម្លាភាពកម្ពុជាចូលរួមបំរើកិច្ចការជាមួយនឹងគណបក្សប្រជាជនដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាល បានធ្វើឡើងខណៈដែលសកម្មជននានា និងរួមទាំងអ្នកនយោបាយរបស់គណបក្សប្រឆាំងជាច្រើន បាននាំគ្នាមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោត ដោយអ្នកដែលចូលរួមទាំងនោះបានសារភាពការចាញ់បោកឧបាយកល និងល្បិចរបស់ក្រុមប្រឆាំង។

សកម្មជន និងអ្នកនយោបាយ ដែលបានចាកចេញពីគណបក្សប្រឆាំងនោះ បាននិយាយសារភាពថាមេដឹករបស់គេមិនមែន ជាមនុស្សល្អ ដែលនឹងអាចនាំប្រទេសជាតិឱ្យរីកចំរើន និងមានសុខសន្តិភាពបានឡើយ។

ads banner