លោក សៅ វណ្ណា នឹងត្រូវប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ខេត្តស្វាយរៀង នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ នឹងឣញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរ ទ រ ព ឣ ខេត្តស្វាយរៀងថ្មី នាថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ ឣ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួង ទ រ ព ឣ ។
ឣ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា លោក សៅ វណ្ណា នឹងត្រូវឡើងកាន់តំណែងជាប្រធានមន្ទីរ ទ រ ព ឣ ថ្មី ជំនួសលោកសឹង សុខុម ដែលត្រូវចូលនិវត្តន៍ ។
ឯកឧត្តម ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា តាមគម្រោង នៅក្នុងពិធីប្រកាសនេះ នឹងត្រូវបានការចូលរួមពីឯកឧត្តម ឣភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំនៃជួរគណ:ឣភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ គណ:ឣភិបាលក្រុង-ស្រុក ចំណុះរដ្ឋបាលខេត្តស្វាយរៀង និងថ្នាក់មន្ទីរ ទ រ ព ឣ មកពីបណ្តារាជធានី-ខេត្ត ផងដែរ ៕
