ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានឧទ្ទិសថ្ងៃ២០ឧសភា ឲ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា យុវជនជំនាន់ក្រោយបានឧទ្ទិសថ្ងៃ២០ឧសភា ឲ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៏ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែលសម្តេចតេជោហ៊ុន សែនបានដឹកនាំស្វែងរកបានដោយលំបាក។

ក្នុងទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២៣នេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធី បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១៨០ អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្ត ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញនិងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការនិងប្រជាជនចំនួន ៦.០០០នាក់ ។

២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជាបានចារឹកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង ៣លាននាក់។

ក្នុងពិធីនោះ ក្រុមសិល្បៈករ បានសម្តែងនូវឈុតឆាកដ៏សាហាវព្រៃផ្សៃរបស់របស់បនក្បត់ប៉ុលពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើឱ្យអ្នកចូលរួមកម្មវិធីនេះទប់ទឹកភ្នែកមិនបាន។

ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាកូនខ្មែរជំនាន់ក្រោយ កុំភ្លេចរបបប្រល័យពូជសាសន៏ដ៏សាហាវឃោឃៅ និងគួរឧិ្យស្អប់ខ្ពើមនេះ។

ក្នុងពិធីនេះ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួមចំនួន៨៦រណ្តៅដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត ១ម៉ឺននាក់ សូមទៅសោយសុខក្នុង ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទ៖ ហេង សម្បត្តិ រូបភាព៖ ជឹម ភារ៉ា

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner