ប្រមុខការទូតអាមេរិកទៅដល់ប៉ាពូញូហ្គីណេហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិក
ព័រម៉ូរេសប៊ី៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានធ្វើដំណើរទៅដល់ទីក្រុង ព័រម៉ូរេសប៊ី ហើយ នៅមុនពេលកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិក ជាទីដែលគាត់ត្រូវបានស្វាគមន៍ដោយក្រុមមន្ត្រីប៉ាពូញូហ្គីណេ។
ក្រៅពីកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នឹងតាងនាមឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីប៉ាពូញូហ្គីណេ និងមេដឹកនាំកោះប៉ាស៊ីហ្វិកផ្សេងទៀត នៅថ្ងៃចន្ទទី២២ ខែឧសភានេះ ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសដីកោះមួយនេះ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក ប្លីងគែន ខាងលើ រដ្ឋាភិបាលចិនបានលើកឡើងថា ប្រទេសនានាមិនគួរចូលរួមក្នុង “ល្បែងភូមិសាស្ត្រនយោបាយ” នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងនោះទេ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន ប្រទេសចិនមិនមានការជំទាស់ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការធម្មតារវាងភាគីពាក់ព័ន្ធ និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែយើងប្រឆាំងនឹងការដាក់ចេញនូវល្បែងភូមិសាស្ត្រនយោបាយណាមួយ ទៅក្នុងតំបន់ដែនកោះប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា សម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិក នៅថ្ងៃចន្ទនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតជាសំខាន់លើការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍។ ប្រទេសឥណ្ឌាគឺធ្វើជាម្ចាស់ដឹកនាំកិច្ចប្រជុំកំពូលនេះលើកចុងក្រោយកាលពី៨ឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា