រដូវប្រមូលផលផ្សិតប៉ក់ក្នុងសហគមន៍ការពារធម្មជាតិស្រែអំពិលមកដល់ហើយ

ភ្នំពេញ៖ ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ប្រជាសហគមន៍ស្រែអំពិលនាំគ្នា ចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង និងលក់ផង។

ផ្សិតប៉ក់ គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលភាគច្រើនសម្បូរស្រុកភ្នំក្រវាញ និង ស្រុកវាលវែង ។ជាប្រភេទផ្សិតដែលលក់បានថ្លៃគួរសម និងមានរស ជាតិ ឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។

ផ្សិតប្រភេទនេះ តែងដុះចេញពីផេះដែលបន្សល់ទុកពីភ្លើងឆេះព្រៃនារដូវប្រាំ ហើយជាទូទៅប្រជាពលរដ្ឋអាចប្រមូលផលបានជុំវិញ ១០ថ្ងៃ ប៉ុណ្ណោះ។ ផ្សិតប៉ក់មានរាងមូលដូចពងក្រួច ភាគច្រើនដុះកប់ក្នុងស្រទាប់ដី ហើយគេ អាចសម្គាល់បានដោយឃើញមានដីពើងប្រេះឡើងលើ នៅតំបន់ដែលធ្លាប់ មានភ្លើងឆេះព្រៃកន្លងមក។ អ្នកភូមិត្រូវធ្វើដំណើរក្នុងចំងាយប្រមាណ ១០ ទៅ ២០គីឡូម៉ែតពីភូមិ ដើម្បីទៅដល់កន្លែងរកផ្សិតនេះ ដែលស្ថិតក្នុងព្រៃ របស់សហគមន៍ការពារធម្មជាតិស្រែអំពិល ហើយក៍ជាសហគមន៍ មួយ ស្ថិតនៅក្រោមការគាំទ្រពីគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP ផងដែរ។

ជាទូទៅពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់នេះ ពីរ ទៅ បីគីឡូក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះ អាស្រ័យទៅតាមតំបន់ និងអាកាសធាតុ។ នេះបើតាមការឱ្យ ដឹងពី លោក សោ ភា ប្រធានសហគមន៍ស្រែអំពិល។

    លោកបន្តឱ្យដឹងថា បន្ទាប់ពីបេះផ្សិតប៉ក់បានពីព្រៃរួចមកប្រជា សហគមន៍ នៅទីនេះ គេធ្វើម្ហូបសម្រាប់ហូបចុកក្នុងគ្រួសារផង និង ជាម្ហូបបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរផង ហើយមុខម្ហូបដែលគេតែងពេញនិយម គឺយកមក ស្ងោ ឬ ឆា ក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ។ ក្រៅពី ធ្វើម្ហូប ពួកគាត់អាចរកចំណូលពីការលក់ផ្សិតប៉ក់នេះចាប់ពី ៣៧.០០០រៀល ទៅ៤០.០០០ ក្នុងមួយគីឡូក្រាមទៅឱ្យឈ្មួញផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល បាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណង ធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផល ព្រៃ ឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

នាពេលបច្ចុប្ប គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ ធម្មជាតិ ចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង ខេត្ត កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner