គជបជូនដំណឹងដំណាក់កាលចែកបណ្ណព័ត៌មានបោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនដំណឹងជុំវិញដំណើរការផលិត និងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេស ប៉ុន្តែបញ្ជាក់ថាបណ្ណព័ត៌មានបោះឆ្នោត មិនមែនសម្រាប់ការបោះឆ្នោតនោះឡើយ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានប្រាប់បណ្តាញសារព័ត៍មាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា ក្រោយពីដំណើរការចុះបញ្ជីគណបក្សនយោបាយ និងការទទួលពាក្យបណ្តឹងជំទាស់ការចុះបញ្ជីគណបក្សនយោបាយបានបញ្ចប់, ដំណើរការផលិត និងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត នៅទូទាំងប្រទេសរយៈពេល៣០ថ្ងៃ ត្រៀមចាប់ផ្តើមនាសប្តាហ៍ក្រោយ។ ការចែកបណ្ណព័ត៌មាន អ្នកបោះឆ្នោតនៅទូទាំងប្រទេស នឹងចាប់ផ្តើមធ្វើរវាងពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា «បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតនោះទេ ដោយសារឯកសារចូលរួមបោះឆ្នោត គឺមានតែអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតែប៉ុណ្ណោះ»។

អ្នកនាំពាក្យគជប បានពន្យល់ថាការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ គឺជាដំណាក់កាលមួយដ៏សំខាន់ ដើម្បីអោយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី មានព័ត៌មានគ្រប់គ្រាន់អំពីអត្តសញ្ញាណសាម៉ីខ្លួន, លេខរៀង និងការិយាល័យបោះឆ្នោតរបស់ខ្លួន។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួមមានជាង ៩ លាន ៧សែននាក់, រីឯការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូ ឮទាំងប្រទេស មានជាង២ម៉ឺនការិយាល័យ៕

ads banner