៧២ម៉ោងអាស៊ានមានអ្នកឆ្លងជិត ២ម៉ឺនករណី (Video Inside)

ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានប្រទេសចំនួន៨ នៅអាស៊ានមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជា ក៏មានការឆ្លងឡើងវិញចំនួន ៥ករណីផងដែរ។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ការឆ្លងទាំង ៥ករណីនៅកម្ពុជានោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ៣ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មាន១ករណីផងដែរ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៩ពាន់ ៩៨០ករណី ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ២ពាន់ ៦៤៦ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៨ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, ថៃ, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៦ពាន់ ៤៣៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានអ្នកឆ្លងតែ ៥ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៩៤នាក់។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៥ម៉ឺន ១ពាន់ ៦១៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៧២២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៩លានករណី, និងការស្លាប់មានជាង ៦លាន ៨៨ម៉ឺននាក់៕

ads banner