តម្លៃប្រេងសាំងធម្មតានៅថេរ និងប្រេងម៉ាស៊ូតកើនឡើង (Video Inside)
តម្លៃប្រេងសាំងធម្មតា គឺឋិតនៅថេរ ខណៈប្រេងម៉ាស៊ូតបានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន៤ពាន់ ១០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺឋិតនៅថេរ បើធៀបទៅការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៣ពាន់៨៥០ រៀលក្នុង១លីត្រ ដែលតម្លែនេះ គឺបានកើនឡើងមកវិញចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់៧៥០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន៤ពាន់ ៧០០រៀល ក្នុងមួយលីត្រ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។