សម្ព័ន្ធថៃប្រកាសផែនការដ៏មហិច្ឆតា ក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ
បាងកក៖ សម្ព័ន្ធភាពថៃដែលដឹកនាំដោយគណបក្សផ្លាស់ទីឆ្ពោះទៅមុខ ឬ Move Forward Party យល់ព្រមលើផែនការកែប្រែរដ្ឋធម្មនុញ្ញ និងបញ្ចប់ការកេណ្ឌទាហាន។
រដ្ឋាភិបាលថៃថ្មី នាពេលអនាគត កាលពីថ្ងៃចន្ទ បានប្រកាសពីផែនការមហិច្ឆិតា ក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ, បញ្ចប់ការកេណ្ឌទាហាន និងអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នា ប៉ុន្តែ មិនបាននិយាយអំពីសំណើដ៏ចម្រូងចម្រាសខ្លាំងដើម្បីផ្លាស់ប្តូរច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ។

សម្ព័ន្ធគណបក្សចំនួនប្រាំបី គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយគណបក្សផ្លាស់ទីឆ្ពោះទៅមុខ ឬ Move Forward Party (MFP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលបង្ហាញពីគោលនយោបាយ ប្រមាណ១២ ចំណុច ដែលពួកគេទាំងអស់គ្នាយល់ព្រម។

មេដឹកនាំ «ចលនាឆ្ពោះទៅមុខ» លោក ភីតា លីមចារ៉េនរ៉ាត់ (Pita Limjaroenrat) បានបង្កើតការភ្ញាក់ផ្អើលមួយ ដោយការឈ្នះការបោះឆ្នោត កាលពីថ្ងៃទី ១៤ ខែឧសភា ដែលជាការមើលងាយ សម្រាប់គណបក្សអភិរក្សនិយម ដែលមានទំនាក់ទំនងជាមួយកងទ័ព ដែលកំពុងកាន់អំណាច។

លោក លីមចារ៉េនរ៉ាត់ មានសម្ព័ន្ធភាពចំនួន ៣១៣ ក្នុងចំណោម ៥០០អាសនៈនៅក្នុងសភាជាន់ទាប ដែលជាភាគច្រើន ក្នុងការគ្រប់គ្រង។ ប៉ុន្តែការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ក៏រួមបញ្ចូលអាសនៈចំនួន ២៥០នៅក្នុងព្រឹទ្ធសភាផងដែរ ដែលសមាជិកទាំងអស់ត្រូវបានជ្រើសរើស ដោយរបបយោធា។

លោក លីមចារ៉េនរ៉ាត់ បានប្រាប់អ្នកយកព័ត៌មាន ដោយបង្ហាញពីទំនុកចិត្តលើសមត្ថភាពរបស់លោក ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថា “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រថ្មីមួយដែលបង្ហាញថាយើងអាចផ្លាស់ប្តូររដ្ឋាភិបាលទៅជាលទ្ធិប្រជាធិបតេយ្យដោយសន្តិភាព”៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត