សម្តេចតេជោ ហ៊ុន សែន ប្រាប់មិត្តបរទេសមើលកម្ពុជា ឱ្យផុតពីកម្ពុជា ព្រោះកម្ពុជា ជាសមាជិកអាស៊ាន ដោយសម្តេចបានកាន់ញញួរធ្វើប្រធានអាស៊ាន ៣លើករួមមកហើយ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់បណ្តាមិត្តបរទេស សូមសម្លឹងមើលកម្ពុជា ឲ្យផុតពីកម្ពុជា ព្រោះកម្ពុជា ជាសមាជិកអាស៊ានទាំង ១០ប្រទេស ហើយកម្ពុជាមានសិទ្ធិវេទោ បើអាស៊ាននឹងគ្មានកង់សង់ស៊ីស នោះមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានទេ។ សម្តេចតេជោ ថ្លែងដូចនេះ ធ្វើឡើងបន្ទាប់មានការធុញទ្រាន់នឹងបរទេសមួយចំនួន ដែលបានលូកលាន់ចូលកិច្ចការងារផ្ទៃ ក្នុងរបស់កម្ពុជា ពាក់ព័ន្ធការអនុវត្តលទ្ធិប្រជាធិបតេយ្យ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតមកដល់នោះ។

សម្តេចបញ្ជាក់ថា កម្ពុជា អត់ទៅស្នើសុំប្រទេសណា មកជ្រៀតជ្រែកកិច្ចការរបស់ខ្លួនទេ ហើយក៏មិនទទួលដែរ ក្រែងថ្ងៃក្រោយមានការប៉ះពាល់ ទើបនិយាយថ្ងៃនេះតែម្តងទៅ ខ្ញុំធុញទ្រាន់រឿងបញ្ហាជ្រៀតជ្រែកនេះ។ នៅលើគោកសោះ ពន្យល់មិនព្រមយល់ ឥឡូវអ្នកឯងនៅក្នុងទឹក ខ្ញុំក៏មិនព្រមជឿអ្នកឯងដែរ មានសិទ្ធិដូចគ្នា។ ខ្ញុំត្រូវប្រើរូបមន្តតថ្លៃ អ្នកឯកជឿខ្ញុំអត់ បើអ្នកឯងមិនជឿ ខ្ញុំក៏មិនជឿអ្នកឯង ហើយអ្នកទាំងអស់ត្រូវមើលកម្ពុជា ឲ្យផុតពីកម្ពុជា សុំកុំភ្លេចកម្ពុជាជាសមាជិកអាស៊ាន កម្ពុជាមានសិទ្ធិវេទោ កាលណាគ្មានកុងសង់ស៊ីស គឺបានសេចក្តីថាអត់ដោះស្រាយបញ្ហាបានទេ អីចឹងបើគោលដៅរបស់អ្នកឯកចង់បានអី បើខ្ញុំមិនឲ្យ គឺនៅតែអត់ ។

សម្តេចតេជោបានបញ្ជាក់ទៀតថា ការលើកឡើងរបស់សម្តេចនេះ គឺគ្រាន់តែជាការពន្យល់ឲ្យទូតមួយចំនួនបានដឹងប៉ុណ្ណោះ ព្រោះទូតខ្លះមកធ្វើការងារទូត ប៉ុន្តែមិនបានយល់ពីអ្វីជារចនាសម្ព័ន្ធអាស៊ាននោះទេ ប្រឹងសង្កត់កម្ពុជា ដែលស្មើនឹងសង្កត់អាស៊ានទាំងមូលដែរ កម្ពុជាជាសមាជិកសកម្មមួយរបស់អាស៊ាន ដែលទើបតែបញ្ចប់ការធ្វើជាម្ចាស់ផ្ទះអាស៊ាន កាលពីឆ្នាំ២០២២។ សម្តេច ថា សម្តេចបានកាន់ញញួរធ្វើប្រធានអាស៊ាន ៣លើករួមមកហើយ តែសម្តេចមិនប្រាថ្នា ចង់កាន់ញញួរធ្វើជាប្រធានអាស៊ាន លើកទី៤ នៅឆ្នាំ២០៣២នោះទេ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រាប់មិត្តបរទេស ជាពិសេសតំណាងស្ថានទូតនានា ឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាន តាមរយៈការប្រឹងប្រែងកសាងប្រទេសតាំងលេខសូន្យ ពោលគឺបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំកាលពីឆ្នាំ១៩៧៩។ សម្តេច ថា សម្តេចបានកសាងកម្ពុជាឡើងវិញ ផ្តើមពីទីក្រុងភ្នំពេញមានមនុស្ស៧០នាក់ប៉ុណ្ណោះ ហើយរហូតមកដល់ឆ្នាំ២០០៤ រាជធានីភ្នំពេញមានអគារដែលខ្ពស់ជាងគេមានត្រឹមតែ៧ជាន់ និងមានតែ១ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា មានសមត្ថភាពអាចសាងសង់មន្ទីរបានរហូត១២ជាន់។ សម្តេច ក៏បានអរគុណចំពោះប្រិយមិត្ត អគ្គរដ្ឋទូត អគ្គរាជទូត ក៏ដូចជាតំណាងមិត្តភក្តិបរទេសទាំងអស់ដែលបានមកចូលរួមនៅថ្ងៃនេះ សូមមើលសមិទ្ធផលរបស់កម្ពុជា យើងខ្ញុំក្រ តែយើងខ្ញុំត្រដររស់តាំងពីភ្នំពេញនៅទទេ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner