មន្រ្តីបរិស្ថាន៖ យើងរួមគ្នាពង្រឹងសន្តិសុខទឹក ឆ្លើយតបទៅនឹងគ្រោះ មហន្តរាយ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ការប្រែប្រួលអាកាសធាតុធ្វើឱ្យសន្តិសុខទឹក កាន់តែអាក្រក់ បណ្តាលឱ្យ មានទឹកជំនន់ គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍អាកាស ធាតុ ធ្ងន់ធ្ងរផ្សេងៗទៀត។ ប្រទេសក្រីក្រ និងសហគមន៍ ទទួលរងផលប៉ះពាល់ យ៉ាងខ្លាំង ពីការប្រែប្រួលអាកាសធាតុ។
ថ្លែងនៅក្នុងវេទិកាស្តីពីរបៀបវារៈសកម្មភាពអាស៊ី សម្រាប់ភាពធន់នឹង អាកាស ធាតុ តាមរយៈទឹក នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣នេះ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញ ថា ស្ថាប័នពាក់ព័ន្ធទាំងអស់ ចាំបាច់បង្កើតសកម្មភាពអភិវឌ្ឍន៍នានា ដើម្បី ពង្រឹងសន្តិសុខទឹក និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលបណ្តាល មកពី ការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា យុទ្ធសាស្រ្តពង្រឹង សន្តិសុខទឹក តម្រូវឱ្យមានស្ថាប័នកំពូល និងជំនាញកម្រិតខ្ពស់ ចូលរួម ថែមទៀត មិន គ្រាន់តែអំពីការប្រមូលទិន្នន័យ និងការអនុវត្តឧបករណ៍ គំរូវិភាគ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការកសាងសមត្ថភាព ក្នុងប្រទេស រៀងៗខ្លួន ដើម្បីវាយ តម្លៃផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ លើធនធានទឹក។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ការរៀបចំការអភិវឌ្ឍ សកម្មភាព គ្រប់គ្រងទឹក ត្រូវធ្វើឡើងតាមរបៀបសមធម៌ និងរួមបញ្ចូលទាំង កត្តាជំនួយមួយចំនួនបន្ថែមទៀត។ ដូចនេះ ដើម្បីធានាបាននូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងទទួលបានហិរញ្ញប្បទាន គ្រប់គ្រាន់សម្រាប់ សកម្មភាពគ្រប់គ្រងទឹក ចាំបាច់ត្រូវមានការគៀងគរការចូលរួម ពីគ្រប់មជ្ឈដ្ឋាន”។
ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងប្រកបដោយភាពច្នៃប្រឌិត ដូចជាគម្រោង PES ឬ រ៉េដបូក(REDD+) អាចពាក់ព័ន្ធសំខាន់ជួយដល់ គម្រោងគ្រប់គ្រងទឹក ដោយសារវាអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា ផ្តល់ឥណទានកាបូន ការអភិរក្សជីវចម្រុះ ការកែលម្អគុណភាពបរិស្ថាន និងការបង្កើតប្រាក់ចំណូលជាតិ និងជីវភាពប្រជាជននៅតាមមូលដ្ឋាន៕ដោយ៖ម៉ាដេប៉ូ