អាជ្ញាធរមីន បន្តធ្វើការអប់រំ ពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់មន្រ្តីនគរបាល
ពោធិ៍សាត់៖ អាជ្ញាធរមីនសហការជាមួយនឹងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាល និងអប់រំជាសារស្តីពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់មន្រ្តីនគរបាលនៅខេត្តពោធិ៍សាត់ ដើម្បីធ្វើការផ្សព្វផ្សាយពីហានិភ័យដល់ប្រជាពលរដ្ឋ និងជាការផ្តល់សុវត្ថិភាពដល់សហគមន៍។
បើតាមអាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា អគ្គលេខាធិការរងអាជ្ញាធរមីនលោក មល់រឿប សីហា សហការជាមួយនឹងលោក សត ណាពេញ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី «ការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ» ជូនដល់មន្រ្តីនគរបាលនៅខេត្តពោធិ៍សាត់។
វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ក្នុងគោលបំណងផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនដល់មន្រ្តីនគរបាលពោធិ៍សាត់។
ជុំវិញការបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រាប់ឱ្យដឹងថា បញ្ហាគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា គឺមិនទាន់បញ្ចប់នោះទេ ហើយវាក៏បានបង្កនូវបញ្ហាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាម។ហេតុដូច្នេះ អាជ្ញាធរមីនត្រូវមានភារកិច្ចក្នុងការជួយ ប្រជាពលរដ្ឋនៅតាមខេត្ត ស្រុក តំបន់ និងសហគមន៍ ដែលមានវត្តមានគ្រាប់រំសេវច្រើនមុនគេ។
ឯកឧត្តម លី ធុជ មានប្រសាសន៍ថា «អាជ្ញាធរមីនបានផ្ដល់វគ្គបណ្ដុះបណ្ដាលបានខេត្តមួយចំនួនរួចហើយ ដូចជា ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងមកដល់ខេត្តពោធិ៍សាត់នេះ ហើយបន្ទាប់ពីខេត្តនេះ អាជ្ញាធរមីននឹងបើកវគ្គបណ្ដុះបណ្ដាលពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនេះដល់មន្ត្រីនគរបាលតាមខេត្តផ្សេងៗទៀត ដូចជាខេត្តព្រះវិហារជាដើម ដែលវគ្គបណ្ដុះបណ្ដាលអប់រំនេះ នឹងចេះតែបន្តធ្វើនៅតាមតំបន់ ស្រុក ខេត្តផ្សេងទៀតដែលគោលដៅអាទិភាពរបស់អាជ្ញាធរមីន។កងកម្លាំងនគរបាល គឺជាតួអង្គសំខាន់ ពីព្រោះពួកគាត់ឈរជើងនៅមូលដ្ឋាន ហើយជាប្រតិបត្តិករមួយដែលនៅជិតប្រជាជន នៅពេលដែលពួគាត់បានឃើញគ្រាប់រំសេវ ពួកគាត់នឹងរាយការណ៍ទៅកម្លាំងនគរបាល ហើយកម្លាំងនគរបាលនឹងចេះធ្វើរបាយការណ៍ រាយការណ៍ពីអ្វីដែលប្រជាជនបានផ្ដល់ព័ត៌មានមក។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៥ ៤៣២ ១១៩នាក់ ក្នុងនោះ ស្ត្រីចំនួន ៧២៣ ៩១៨នាក់, កុមារីចំនួន ១ ៩៨៨ ៤២៤នាក់, កុមារាចំនួន ៧២៧ ៥០៤នាក់ និងជនពិការចំនួន ៥៣ ៦៩២នាក់ បានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ពីប្រតិបត្តិករជាតិ និងអន្តរជាតិ៕ ដោយ៖ ជា សុខនី