រដ្ឋមន្ត្រីការបរទេស៖ ជំនួយដែលជប៉ុនផ្ដល់ជាបន្តបន្ទាប់ បានរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានថ្លែងថា ជំនួយដែលជប៉ុន បានផ្ដល់ជាបន្តបន្ទាប់មកកម្ពុជា ទាំងតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាច្រើន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័, សុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹក, សន្តិសុខនិងការពារជាតិ, ប្រតិបត្តិការរក្សាសន្តិភាព, តភ្ជាប់រវាងប្រជាជននិងប្រជាជន និងការដោះមីន ជាដើម ។

ឯកឧត្ដម ប្រាក់ សុខុន បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនមកកម្ពុជា ជាមួយឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនរួមមាន៖ ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧៥៧១លានយ៉េន (ប្រមាណ៥៥,២៧លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន០២ ដូចជា៖ គម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤) មានទឹកប្រាក់ចំនួនប្រាំពីរពាន់ពីររយប្រាំលានយ៉េនជប៉ុន (៧.២០៥.០០០.០០០យ៉េន) ឬ ប្រមាណ ៥២,៦ លានដុល្លារ។ កញ្ចប់ថវិកានេះ គឺជាកញ្ចប់ទី៤ សម្រាប់គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ពី ព្រែកក្តាម-ធ្លាម្អម ដែលបានចំណាយថវិកាជាបន្តបន្ទាប់ប្រមាណ ៣១៧,៤២ លានដុល្លារអាមេរិក។ គម្រោងនេះ ជាគម្រោងកែលម្អកំណាត់ផ្លូវជាតិមួយក្នុងចំណោមគម្រោងកែលម្អកំណាត់ផ្លូវចំនួនបី លើដងផ្លូវជាតិលេខ៥។ បន្ទាប់ពីការបញ្ចប់នូវគម្រោងទាំងមូល ផ្លូវជាតិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការលើកកម្ពស់សមត្ថភាពដឹកជញ្ជូន និងប្រសិទ្ធភាពឡូជីស្ទិក ក៏ដូចជាការរួមចំណែកដល់សមាហរណកម្មក្នុងតំបន់។

គម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស មានទឹកប្រាក់ចំនួនបីរយហុកសិបប្រាំមួយលានយ៉េនជប៉ុន (៣៦៦.០០០.០០០លានយ៉េន) ឬប្រមាណ២,៦៧លានដុល្លារអាមេរិក។ ហិរញ្ញប្បទានឥតសំណងនេះ នឹងផ្តល់អាហារូបករណ៍ពេញលេញជូនដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦កន្លែង មកពីស្ថាប័នផ្សេងៗ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ក្នុងនោះរួមមាន ២៤កន្លែង សម្រាប់ថ្នាក់អនុបណ្ឌិត និង ០២កន្លែង សម្រាប់ថ្នាក់បណ្ឌិត។ ចាប់តាំងពីត្រូវបានបង្កើតឡើងវិញសម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០០ គម្រោងនេះបានផ្តល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជា សរុបទាំងអស់ចំនួន ៥៤៨រូប ដែលអាចឱ្យមន្រ្តីទាំងនោះប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីរួមចំណែកដល់ការការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា និងការតភ្ជាប់រវាងប្រជាជនកម្ពុជា និងជប៉ុនកាន់តែជិតស្និទ្ធ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលកម្ពុជា និងជប៉ុន កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner