មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នឹងដាក់បង្ហាញភាពយន្តមកពី៣៤ ប្រទេសដែលមាន សរុបចំនួន ១៤៤ភាពយន្ត

ភ្នំពេញ ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ Cambodia International Film Festival (CIFF) នឹងដាក់បង្ហាញភាពយន្តមកពី៣៤ប្រទេសដែលមានសរុបចំនួន១៤៤ភាពយន្ត ។ ការដាក់បង្ហាញភាពយន្តនេះរួមមាន ភាពយន្តខ្លីៗ ភាពយន្តខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចលផងដែរ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័តមាននៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣ ស្តីពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២(CIFF) លោក ប៉ុក បូរ័ក្ស ដែលជាប្រធាននាយកដ្ឋា នសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២(CIFF) នឹងផ្តល់ជូននូវ ការចាក់បញ្ចាំងភាពយន្តជាង ១៤០ភាពយន្ត និងកម្មវិធីផ្សេងៗ ដោយឥតគិតថ្លៃ (លើកលែងតែភាពយន្តក្នុងរាត្រីរន្ធត់) ដែលនឹងបញ្ចាំងនៅតាមបណ្តារោងភាពយន្ដធំៗ និងទីកន្លែងពិសេសៗ មួយចំនួនទៀតក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះមានដូចជា រោងភាពយន្តលេជេន រោងភាពយន្តមេជីស៊ីនេអ៊ិច វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគាររ៉ូសវូដភ្នំពេញ និងស៊ីណេហាប់ ។

លោក ប៉ុក បូរ័ក្ស ក៏បានលើកឡើងរំលឹកផងដែរថា នៅក្នុងពេលមានការរាតត្បាតជម្ងឺកូវិដ១៩ នៅកម្ពុជា វិស័យភាពយន្តមានការប៉ះពាល់ខ្លាំងមែនទែន ។ លោកបន្តថា ក្នុងអំឡុងឆ្នាំ២០២០និង២០២១ ពិសេសសម្រាប់ផលិតករភាពយន្តក្នុងស្រុក ហើយក៏មានការអាក់ខានក្នុងការរៀបចំមហោស្រពភាពយន្តផងដែរ។

លោកបញ្ជាក់ថា រហូតដល់ឆ្នាំ២០២២និង២០២៣ ទើបមានការចាប់ផ្តើមបរិយាកាសវិស័យភាពយន្តកម្ពុជា។ ការរៀបចំមហោស្រពភាពយន្តក្នុងឆ្នាំនេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន អ្វីដែលពិសេសគឺភូមិភាពយន្តដែលទើបនឹងបង្កើត ដែលលោកលើកឡើងថា ជាឧស្សាហកម្មភាពយន្តថ្មីមួយ ជាឱកាសមួយផ្តល់ឱ្យមាននូវការជួបជុំនិងជាឱកាសមួយសម្រាប់បង្ហាញនូវវិស័យភាពយន្តកម្ពុជា ជាមួយនិងការចែករំលែករវាងផលិតករភាពយន្តទូទាំងពិភពលោកដែលបានចូលរួមក្នុងកម្មវិធីនេះ ៕ ដោយ-រ៉ាវុធ-ជឹម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner