រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អរគុណ JICA ដែលបានសហការជួយគាំទ្រ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា ប្រកបដោយជោគជ័យ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួប លោក SANUI Kazumasa ប្រធានតំណាងនៃអង្គការ JICA ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការតែងតាំងថ្មីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ការគាំទ្រដល់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីផ្សេងៗទៀតសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

សម្ដេចក៏បានថ្លែងអំណរគុណ JICA ដែលផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមរយៈគម្រោងផ្សេងៗ ដូចជាការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការជួយគាំទ្ររបស់ JICA ដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានកិច្ចការជាច្រើន រាប់ទាំងការងារពង្រឹងសមត្ថភាពមន្ត្រី និងការរៀបចំគោលនយោបាយផ្សេងទៀត ព្រមទាំង ការគាំទ្រដល់ការការងារសុវត្ថិភាពផ្លូវថ្នល់។

លោក ប្រធានតំណាង JICA ប្រចាំកម្ពុជា បានថ្លែងអំណរគុណថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃដែលបានផ្តល់នូវការគាំទ្រធ្វើឲ្យបេសកកម្មកន្លងមករបស់ JICA ទទួលបានជោគជ័យ សម្រេចបានលទ្ធផលតាមអ្វីដែលជាការរំពឹងទុក ជាពិសេសការរៀបចំគោលនយោបាយ ការរៀបចំឯកសារសម្រាប់បណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិ។

លោកក៏បានជម្រាបជូនសម្ដេចផងដែរថា ដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះ JICA ក៏បានបញ្ជូនអ្នកប្រឹក្សាយោបល់គោលនយោបាយមកជួយគាំទ្រដល់ក្រសួងមហាផ្ទៃទៅលើការងារពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

ចំពោះការងារសុវត្ថិភាពផ្លូវថ្នល់ លោកក៏បានលើកឡើងអំពីការគាំទ្រដល់ការរៀបចំគម្រោងផ្សេងៗ ធ្វើយ៉ាងណាឱ្យសុវត្ថិភាពចរាចរណ៍កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់តាមរយៈការបង្កើតនូវគំនិតផ្ដួចផ្ដើមក៏ដូចជាគម្រោង រៀបចំនូវការវិភាគទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ដើម្បីដាក់ចេញនូវគោលនយោបាយក៏ដូចជាដំណោះស្រាយសមស្របក្នុងការឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

ជាការឆ្លើយតប សម្ដេចក្រហោម ស ខេង បានសម្ដែងសេចក្ដីរីករាយ និងអរគុណចំពោះការបន្តជួយគាំទ្ររបស់ក្រុមការងារ JICA មកលើការងារពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner