ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យសាសនា អាចរីកលូតលាស់ទៅបានអាស្រ័យដោយ ព្រះសង្ឃ គណៈគ្រប់គ្រង-អាចារ្យវត្ត និងការចូលរួមពីពុទ្ធបរិស័ទ និងសប្បុរសជន

ត្បូងឃ្មុំ៖ ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងថា វត្តអម្ពវ័ន (ហៅ វត្តស្វាយដំណាក់) ក៏ដូចជាឃុំជំនីក និងស្រុកក្រូចឆ្មារទាំងមូល គឺជាទឹកដីភូមិដ្ឋានដ៏កក់ក្តៅ ពីព្រោះមានប្រវត្តិសាវតាររបស់ប្រមុខថ្នាក់ដឹកនាំទាំងពីររូប សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តើមចេញតស៊ូចូលព្រៃម៉ាក់គី ដើម្បីដង្ហែតាមអតីតព្រះមហាក្សត្រតាមការអំពាវនាវរបស់ព្រះអង្គ ក្នុងគោលដៅយាងព្រះអង្គមកគង់ដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា វិស័យសាសនា អាចរីកលូតលាស់ទៅបានអាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ, ព្រះតេជគុណព្រះសង្ឃ, គណៈគ្រប់គ្រង-អាចារ្យវត្ត ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។

ឯកឧត្តមបណ្ឌិត សូមចូលរួមត្រេកអរ និងអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងកើតឡើងនៅក្នុងស្រុកក្រូចឆ្មារ និងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស។ ដូច្នេះ សូមបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រំលេចឱ្យឃើញថា យើងទាំងអស់គ្នា មានសំណាង ពីព្រោះមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតតាំងពីសម័យស្រុកទេសមានសង្គ្រាម និងធ្លាក់ក្នុងជម្លោះបែកបាក់ ហើយបានបន្តកសាងស្តារប្រទេសជាតិពីបាតដៃទទេ រហូតឈានឆ្ពោះមកដល់ការអភិវឌ្ឍ ដូចសព្វថ្ងៃ ហើយ សម្តេចតេជោ តែងបានប្តេជ្ញាចិត្តថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីមិនឱ្យកូនខ្មែរធ្លាក់ទៅក្នុងរណ្តៅនៃទុក្ខវេទនា ដូចកាលជំនាន់មុនឡើយ ៕ ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner