លោក បៃដិន៖ ការបាញ់ប្រហារបានរីករាលដាលក្លាយជា “វាលពិឃាត” នៅទូទាំងសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រារព្ធខួបលើកដំបូង នៃការសម្លាប់រង្គាលនៅទីក្រុងអ៊ីវ៉ាល់ រដ្ឋតិចសាស់ នៅថ្ងៃពុធនេះ ដោយនិយាយថា ការបាញ់ប្រហារដ៏ធំបានរីករាលដាលក្លាយជា “វាលពិឃាត” នៅទូទាំងសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកជំទាវទីមួយ ជៀល បៃដិន ក្នុងទឹកមុខដ៏រំជើបរំជួល និងពិបាកទប់ទឹកភ្នែក បានអញ្ជើញចូលរួមក្នុងពិធីមួយនៅឯសេតវិមាន ដែលធ្វើឡើងដើម្បីរំលឹកដល់វិញ្ញាណខក្ខកុមារ១៩នាក់ និងបុគ្គលិកសាលាពីរនាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅសាលាបឋមសិក្សា Robb។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក បៃដិន បានធ្វើការអំពាវនាវសាជាថ្មីម្តងទៀតទៅកាន់សភា ឱ្យអនុម័ត “ច្បាប់កាំភ្លើងសាមញ្ញ” ដើម្បីគ្រប់គ្រងការប្រើប្រាស់កាំភ្លើង។ លោក បៃដិន បានសង្កត់ធ្ងន់ថា ការបាញ់ប្រហារបានក្លាយជាមូលហេតុធំបំផុត នៃការស្លាប់របស់កុមារនៅសហរដ្ឋអាមេរិក និងថា គិតត្រឹមឆ្នាំមុន មានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៦៥០ករណី។

លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា ខ្លួនខ្ញុំផ្ទាល់ និងលោកជំទាវ ជៀល មិនអាចមិនគិតថា សាលារៀនជាច្រើន និងទីកន្លែងជាច្រើនទៀត ជារៀងរាល់ថ្ងៃ កំពុងក្លាយទៅជាវាលពិឃាតនៅក្នុងសហគមន៍ទូទាំងសហរដ្ឋអាមេរិក។

សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែឧសភា នៅទីក្រុងអ៊ូវ៉ាល់ រដ្ឋតិចសាស់ យុវជនវ័យ១៨ឆ្នាំម្នាក់បានបាញ់សម្លាប់យាយរបស់ខ្លួន មុនពេលបើករថយន្តទៅកាន់សាលាបឋមសិក្សា Robb ហើយចូលដល់ក្នុងបន្ទប់ថ្នាក់រៀនមួយ រួចបាញ់សម្លាប់មនុស្សរហូតដល់២១នាក់ ក្នុងនោះមានក្មេងៗចំនួន១៩នាក់។ មនុស្ស១៨នាក់ទៀតក៏បានរងរបួសផងដែរ ខណៈខ្មាន់កាំភ្លើងត្រូវបានអាជ្ញាធរអាមេរិកបាញ់សម្លាប់ ក្នុងកំលុងការប្រយុទ្ធតតាំងគ្នា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner