ទឹកជំនន់នៅអាហ្វហ្គានីស្ថាន ឆក់យកជីវិតមនុស្ស៦នាក់ និងផ្ទះសម្បែងរាប់សិបខ្នងរងការបំផ្លាញ
កាប៊ុល៖ មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃពុធនេះថា មនុស្ស៦នាក់បានស្លាប់ និងផ្ទះរាប់សិបខ្នងត្រូវរងការបំផ្លិចបំផ្លាញ នៅភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់។
ការស្រាវជ្រាវបានបង្ហាញថា អាហ្វហ្គានីស្ថានជាប្រទេសមួយដែលងាយរងគ្រោះខ្លាំង ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដោយអ្នកវិទ្យាសាស្ត្របាននិយាយថា ប្រទេសនេះកំពុងប្រឈមនឹងព្រឹត្តិការណ៍អាកាសធាតុកាន់តែអាក្រក់ និងញឹកញាប់ជាងមុន។
អ្នកនាំពាក្យរបស់អភិបាលក្រុងតាលីបង់នៅខេត្ត Ghor លោក អាប់ឌុល វ៉ាហីដ ហាម៉ាស់ បាននិយាយថា តំបន់ដែលរងគ្រោះដោយទឹកជំនន់ មិនដែលជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរបែបនេះទេ យ៉ាងហោចណាស់ក្នុងទសវត្សរ៍ចុងក្រោយនេះ។ លោកថា ផ្ទះសម្បែងជាង១០០ខ្នង និងដីកសិកម្មប្រហែល២០០ហិកតាត្រូវបានបំផ្លាញ ដោយប្រឡាយដែលប្រើសម្រាប់ស្រោចស្រពស្រែចម្ការក៏រងការខូចខាតផងដែរ។
ខេត្ត Ghor ស្ថិតនៅចំណុចកណ្តាលនៃគ្រោះរាំងស្ងួតដ៏អូសបន្លាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីខែមីនាថា គ្រួសារអាហ្វហ្គានីស្ថានចំនួន ៩ ក្នុងចំណោម ១០ មិនអាចមានលទ្ធភាពទិញស្បៀងអាហារបរិភោគគ្រប់គ្រាន់បានទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

