សហរដ្ឋអាមេរិកអនុម័តការលក់ប្រព័ន្ធការពារដែនអាកាសមានតម្លៃ២៨៥លានដុល្លារទៅឱ្យអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានប្រកាសពីការយល់ព្រមលើការលក់ប្រព័ន្ធការពារដែនអាកាស NASAMS និងឧបករណ៍ពាក់ព័ន្ធមានតម្លៃ២៨៥លានដុល្លារទៅឱ្យអ៊ុយក្រែន ខណៈដែលទីក្រុងកៀវកំពុងពង្រឹងការការពារប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់ ក្នុងការបង្កើនសមត្ថភាពការការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះចម្បាំងរបស់រុស្ស៊ី។

ការទទួលបាន និងការដាក់ឱ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រព័ន្ធការពារដែនអាកាស NASAMS នឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារប្រជាជន និងការពារហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗរបស់ប្រទេសខ្លួន។

បណ្តាប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកដែលកំពុងគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងការលុកលុយរបស់កងកម្លាំងរុស្ស៊ី បានបរិច្ចាគឧបករណ៍យោធាមានតម្លៃរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន ប៉ុន្តែការផ្ទេរនេះនឹងក្លាយជាការលក់។

នៅពេលដែលរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ការការពារដែនអាកាសរបស់អ៊ុយក្រែន ភាគច្រើនជាយន្តហោះចម្បាំងសល់ពីសម័យសូវៀត។

ចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានចាត់វិធានការបង្កើនការការពារការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំង ដោយមានការគាំទ្រពីប្រទេសដៃគូរបស់ខ្លួន ដែលបានបរិច្ចាគប្រព័ន្ធការពារដែនអាកាសជាបន្តបន្ទាប់ រួមទាំង NASAMS៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner