ក្រុមហ៊ុនយូម៉ាក ដែលមកពីប្រទេសអាល្លឺម៉ង់ និងប្រទេសចិន នឹងមកបើករោងចក្រចំនួន៦ នៅខេត្តកំពង់ស្ពឺ

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឹបាន​ប្រាប់ថា ប្រតិភូតំណាងក្រុមហ៊ុនយូម៉ាក ដែលមកពីប្រទេសអាល្លឺម៉ង់ និងប្រ​ទេសចិន នឹងមកបើករោងចក្រចំនួន៦ នៅក្នុងខេត្តនេះ​ ដែលអាចនឹងផ្ដល់ឱកាសការងារដល់កម្មករ-កម្មកា​រិនី ក្នុងរង្វង់ពី ៦ពាន់កន្លែង ទៅ១ម៉ឺនកន្លែង។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុនយូម៉ាក មកពីប្រទេសទាំងពីរនេះ កាលពីនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣​។

លោក វ៉ី សំណាង ​បានប្រាប់ឱ្យដឹងថា ប្រតិភូតំណាងក្រុមហ៊ុនយូម៉ាក ដែលមកពីប្រទេសអាល្លឺម៉ង់ និង​ចិ​ន​​ ​នឹងមកវិនិយោគ ដោយនឹង​នាំយករោងចក្រចំនួន៦ ដែលជារោងចក្រផលិត​កា​បូប របស់របរប្រើប្រាស់គ្រឿងកែសម្ផស្សរបស់នារី ស៊ីលីកូន ក្រដាសវេចខ្ចប់ និងរបស់របរប្រើប្រាស់របស់សត្វសុនខផងដែរ។

លោកបន្តថា ក្រៅពីការមកវិនិយោគ ប្រតិភូតំណាងក្រុមហ៊ុនយូម៉ាក ក៏ទៅពិនិត្យមើលកន្លែងដែលពួកគា​ត់ត្រូវទៅធ្វើរោងចក្រក្នុងទឹកដីខេត្តកំពង់ស្ពឺនាពេលខ្លីខាងមុខនេះដែរ​។

លោកលើកឡើងថា ៖ «រោងចក្រចំនួន៦ ដែលជារោងចក្រត្រូវការផលិតសម្ភារៈនាំចេញទៅក្រៅប្រទេសនោះ នឹងត្រូវប្រើប្រាស់ដើមទុនវិនិយោគប្រហែលជាង ៥០លានដុល្លារសហរដ្ឋអាមេរិក ហើយនឹងអាចផ្ដល់​ឱកាសការងារដល់កម្មករ-កម្មការិនី ក្នុងរង្វង់ពី ៦ពាន់កន្លែង ទៅ ១ម៉ឺនកន្លែង»។

លោក វ៉ី សំណាង បានបញ្ជាក់បន្តថា ៖ «រោងចក្រចំនួន៦នេះ មានកន្លែងធ្វើការដល់ទៅ ៦ពាន់ ទៅ ១ម៉ឺ​ន កន្លែង អ៊ីចឹងច្រើនដែរ។ ដូចនេះ អាចរកកម្មករ-កម្មការិនី ដែលគាត់ត្រូវការធ្វើការរោងចក្រ អាច​ស​ម្លឹងមកខេត្តកំពង់ស្ពឺយើងបាន​ ដោយសារ​យើងមានរោងចក្រ សហគ្រាសច្រើន ដែលគាត់ត្រូវការកម្មករ»។

លើសពីនេះទៀត លោកថា នៅពេលដែលមានរោងចក្រមកធ្វើអាជីវកម្មក្នុងកំពង់ស្ពឺ ប្រជាជននៅក្នុងខេត្ត និងខេត្តផ្សេងទៀត ​នឹងមានការងារធ្វើ ​មានប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ បន្ថែមពីនេះ ក៏ជួយកាត់បន្ថយនូវជីវភាពដែលខ្វះខាតឱ្យមានភាពប្រសើរឡើងវិញ ​ពិសេសជារួមចំណែកលើកក​ម្ព​ស់សេដ្ឋកិច្ចជាតិ តាមរយៈការចូលធ្វើការងារជាកម្មករ-កម្មការិនីក្នុងរោងចក្រទាំងនោះ។

ជុំវិញរឿងនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានប្រាប់​ថា វាជាការ​ល្អដែលមា​នក្រុ​មហ៊ុន រោងចក្រ និងសហគ្រាសមួយចំនួនបន្ថែមទៀត នឹង​មកវិនិយោគ និងធ្វើអាជីវកម្មក្នុងប្រទេសក​ម្ពុជា បើទោះបីជាធ្វើរោងចក្រក្នុងខេត្តកំពង់ស្ពឺ ឬ​ក្នុងខេត្តណាផ្សេងទៀត វាមិនសំខាន់នោះទេ អ្វីដែលសំ​ខាន់ គឺឱ្យតែមានការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ កម្មករ-កម្មការិនីកម្ពុជាទៅបានហើយ​។

លោកបន្តថា ​ប្រសិនជាទំហំការនាំចេញរបស់រោងចក្រចំនួន៦នេះធំ គឺវានឹងបង្កើតឱកាសការងារឱ្យកម្មករ-កម្មការិនី បានច្រើនដែរ ប៉ុន្តែបើទំហំនៃការនាំចេញរោងចក្រទាំងនោះតូច ឱកាសការងារក៏មានចំនួនតិចតួចផងដែរ។

លោក អាត់ ធន់ បានឱ្យដឹងថា ៖ «ខ្ញុំគិតថា ខេត្តណាក៏សំខាន់ដែរ ឱ្យតែធ្វើនៅក្នុងស្រុក​ខ្មែរ​ ហើយប្រ​សិនជារោងចក្រហ្នឹងដាក់ទៅតំបន់ ដូចជាតំបន់ដែលមានប្រជាពលរដ្ឋក្រីក្រច្រើន ​ខ្ញុំគិតថាវាកាន់ល្អមែនទែន។ ​ប៉ុន្តែ​ប្រសិន​ដាក់រោងចក្រ​នោះ​តែក្នុងតំបន់ដែលមានរោងចក្រច្រើនហើយ ដូចជាមិនសូវជួយទៅដល់ការជួយបង្កើតការងារថ្មីៗទៅដល់ប្រជាពលរដ្ឋទេ»។

មួយវិញទៀង លោក អាត ធន់ សង្កត់ធ្ងន់ដែរថា ​​ថៅកែរោងចក្រគួរតែ​ជ្រើរើស​មនុស្សដែលមានវ័យចំ​ណាស់បន្តិតិច ឬ​អ្នកដែលមានពិការភាព ជាជាងយកតែកម្មករកម្មការិនីដែលមានវ័យក្មេងៗ ដោយ​សារ​ចំណុចនេះ ជាគោលការណ៍រាជរដ្ឋាភិបាលដែល​គួរតែពិនិត្យមើលឡើងវិញថា អ្នកដែលមានពិការភាព និ​ងអ្នកដែលមានវ័យចំណាស់បន្តិច​ ដែលអាចមានកម្លាំងរកប្រាក់ចំណូលបានដែរ គួរតែត្រូវបានជ្រើសរើសឱ្យ​ចូលធ្វើការ។​

សូមបញ្ជាក់ថា បើតាមលោក វ៉ី សំណាង ​កាលពីដើមខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីៗជាបន្តបន្ទាប់ចំនួន ១០ក្រុមហ៊ុន ដែលនឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំ​ពង់ស្ពឺ ហើយបានផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនី យ៉ាងហោចណាស់ ១ម៉ឺននាក់។ ក្រៅពីការប្រកបអាជីវកម្មរោងចក្រដែលមានសកម្មភាពសេដ្ឋកិច្ច ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូប​គ្រប់ប្រភេទហើយនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងវិនិយោគលើការសាងសង់ និងអច​លនទ្រព្យផងដែរ៕​ ដោយ៖​ ជា សុខនី

ads banner