គ.ជ.ប សម្រេចយកថ្ងៃទី២៩ ខែឧសភា ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត លើសន្លឹកឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេច យកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះ បោះឆ្នោតលើសន្លឹកឆ្នោត។ 

តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា កម្មវិធីនេះ នឹង ធ្វើនៅ ទីស្តីការ គ.ជ.ប ដោយមានការនិមន្ត យាងសម្តេចសង្ឃរាជទាំង ពីរ គណៈចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជា ច្រើនរូបទៀត។

នៅថ្ងៃទី២៥ ខែឧសភានេះដែរឯកឧត្តមប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បាន ដឹកនាំ កិច្ចប្រជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងសម្រេចលើឯកសារ ពាក់ព័ន្ធនឹងការអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិ ភ្ញៀវពិសេស របាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ផែនការ និងចំណាត់ការសម្រាប់ពិធីចាប់ឆ្នោតដើម្បី កំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
*ទី១៖ កែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធការ អញ្ជើញអ្នកសង្កេតការណ៍ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣។ តាមការសម្រេចលើឯកសារខាងលើ គ.ជ.ប នឹងអញ្ជើញប្រតិភូគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀតដែលមានកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា សមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) និងបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ក្នុងឋានៈជាអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស។
*ទី២៖ កែសម្រួល និងឯកភាពជាគោលការណ៍លើរបាយការណ៍ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
និងទី៣៖ ឯកភាពផែនការ និងចំណាត់ការសម្រាប់ពិធីចាប់ឆ្នោតដើម្បី កំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈ រឈ្មោះ បោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner