ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាអញ្ជើញសួរសុខទុក្ខ និងសម្ពោធ អណ្តូងទឹកស្អាតចំនួន១០ ដែលជាព្រះរាជអំណោយដ៏ ឧត្តុងឧត្តម របស់ហ្លួងម៉ែ នៅឃុំចំនួនបួន ស្រុកត្រពាំងប្រាសាទ
ឧត្តរមានជ័យ ៖កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និង សម្ពោធ ដាក់ឱ្យ ប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១០ (អ្នកទទួលផលជាង ៥០០ គ្រួសារ) ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ហ្លួងម៉ែ ជូនដល់ប្រជា ពលរដ្ឋរស់នៅក្នុងឃុំចំនួនបួន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនេះឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បាន នាំប្រសាសន៍ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើនូវការសាក សួរសុខទុក្ខដោយ ក្តីនឹករលឹក ចំពោះបងប្អូនដែលអញ្ជើញចូលរួមនាពេលនេះ។ ឯកឧត្តមវេជ្ជបណ្ឌិត បានមានប្រសាស៍ថា “អណ្តូងទឹកស្អាតចំនួន១០ ដែលបានសម្ពោធដាក់ប្រើប្រាស់នាពេលនេះ គឺជាព្រះរាជអំណោយដ៏ ឧត្តុងឧត្តមនិងថ្លៃថ្លាបំផុតរបស់ ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហម កម្ពុជា ដែលបានព្រះរាជប្រទានព្រះរាជូបត្ថម្ភតាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។
ឯកឧត្តមវេជ្ជបណ្ឌិតមានប្រសាស៍បន្ថែមទៀតថា អណ្តូងទឹកស្អាតនេះគឺមាន ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីមន្ទីរធនធានទឹកខេត្ត ហើយអណ្តូងទឹកស្អាត នេះបងប្អូនអាចយកទៅប្រើប្រាស់ដូចជា ងូតទឹក បោកខោអាវ និងដាំស្លរ ប្រកបដោយសុវត្ថិភាព ប៉ុន្តែបើបងប្អូនយកទៅបរិភោគគឺត្រូវដាំ ឱ្យពុះមុននឹងបរិភោគ។
ជាមួយគ្នានេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត បានសំណូមពរដល់ ប្រជា ពល រដ្ឋ ដែលជាអ្នកទទួលទាំងអស់ សូមមេត្តាប្រើប្រាស់ទឹកដោយសន្សំសំចៃ និងជួយថែរក្សាដើម្បីប្រើប្រាស់បានយូអង្វែង៕ ដោយ៖ គ្រី សម្បត្តិ