សម្ដេចក្រឡាហោម ស ខេង៖ លុះត្រាតែទាំងអស់គ្នាចូលរួមគោរពច្បាប់ ទើបអាចអនុវត្តបានសម្រេច នូវផែនការជាតិស្តីពីការកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ដ្រៃយ៍, អគ្គលេខាធិការ, សមាជិក សមាជិកា នៃ គ.ស.ច.គ, ប្រធានក្រុមប្រឹក្សា អភិបាលខេត្តកណ្ដាល និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ពិធីនេះប្រារព្ធធ្វើឡើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលកាលព្រឹកថ្ងៃព្រហស្សតិ៍ទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

មានប្រសាសន៍ក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ច ខិតខំប្រឹងប្រែងរបស់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ដ្រីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែល បានបំពេញតួនាទី ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកបដោយ ស្មារតី ទទួលខុសត្រូវ និងមនសិការទទួលខុសត្រូវ វិជ្ជាជីវៈខ្ពស់។ លើសពីនេះ សម្ដេច ក៏បានលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ មន្ដ្រីនៃក្រសួងស្ថាប័ន្ធពាក់ព័ន្ធ  ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការរឹតបណ្ដឹងអនុវត្តច្បាប់ ការ ផ្សព្វផ្សាយ អប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក និងកិច្ចការងារសំខាន់ៗជាច្រើនទៀត ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះដើម្បីថ្លែងអំណរគុណ និង ការកោតសរសើរចំពោះ អនុគណៈកម្មាធិការចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ទាំងអស់ ទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងអនុវត្ត នូវច្បាប់ ចរាចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជា ទីពេញចិត្តផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៣ ធៀបនឹងក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ១៥៤លើក ស្មើនឹង ១៣ភាគរយ (១.០១១/១.១៦៥លើក អ្នកស្លាប់បានថយចុះ ១៨០នាក់ ស្មើនឹង ២៦ភាគរយ (៥០២/៦៦២នាក់ អ្នករបួសបានថយចុះចំនួន ៣០១នាក់ ស្មើនឹង ១៨ភាគរយ (១.៣៦៣ លើ១.៦៦៤នាក់)។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ ចំពោះអង្គការជាតិ និងអន្ដរជាតិ បណ្ដាញសារព័ត៌មាន ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការចូល រួម អនុវត្តតាមការអំពាវនាវ ឬសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោល ក្នុងបំណងជំរុញការរក្សា សុវត្ថិភាព ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។

សូមជម្រាបជូនដែរថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)បានធ្វើការរៀបចំប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នាពេលនេះ គឺដើម្បីបង្ហាញពីការចូលរួមជំរុញការអនុវត្តកម្ម វិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការសម្ដែងឆន្ទៈ ចូលរួម របស់ កម្ពុជាជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តឱ្យបានជោគជ័យ នូវផែនការសកម្មភាពទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ របស់អង្គការសហប្រជាតិ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner