គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលស្គាល់កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីការធ្វើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានពិនិត្យសម្រេចឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន មានឱកាសចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានធ្វើឡើងស្រ តាមស្មារតីច្បាប់ប្រកបដោយឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើការប្រកាសជាឱឡាឫកថា ក្រុមប្រឹក្សាធម្មនុញ្ញជាក្តីរំពឹងសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នច្បាប់កំពូលរបស់ជាតិមួយមានសមត្ថកិច្ចពិនិត្យសម្រេចលើបណ្ដឹងតវ៉ា ពិនិត្យ សម្រេចលើអធម្មនុញ្ញភាពនៃច្បាប់ និងពិនិត្យសម្រេចលើទម្រង់ខ្លឹមសារច្បាប់ ដែលរដ្ឋសភាមុននឹងអនុម័តដាក់ឲ្យប្រើប្រាស់ត្រូវ ឆ្លងការពិនិត្យសម្រេចដ៏ត្រឹមត្រូវមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួអង្គច្បាប់កំពូលរបស់ជាតិដ៏មានសារ:សំខាន់បំផុតមិនអាចខ្វះបាន។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន៧ (ប្រាំពីរ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ នឹងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

គួររម្លឹកថា គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner