អធិការបតីអាល្លឹម៉ង់មានផែនការជជែកជាមួយលោក ពូទីន ជុំវិញជម្លោះនៅអ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានថ្លែងថា រូបលោកមានផែនការធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាស្រ័យលើលក្ខខណ្ឌអំណោយផល។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះថា ខ្ញុំមានផែនការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សាជាថ្មីទៀត ប៉ុន្តែអាស្រ័យលើពេលវេលាជាអ្នកកំណត់។ មេដឹកនាំទាំងពីរធ្លាប់បានពិភាក្សាគ្នាតាមទូរស័ព្ទលើកចុងក្រោយកាលពីដើមខែធ្នូកន្លងទៅនេះ។

អំឡុងកិច្ចសន្ទនានោះ លោក សូលស៍ បានជំរុញឱ្យលោក ពូទីន ដកកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន ខណៈដែលមេដឹកនាំរុស្ស៊ីបានចោទប្រកាន់ប្រទេសលោកខាងលិចថា បានបន្តគោលនយោបាយអរិភាព។ ចាប់តាំងពីពេលនោះមក ភាពតានតឹងបានកើនឡើងរវាងប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ ជាពិសេសលើការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក សូលស៍ កាលពីខែមករា ក្នុងការអនុញ្ញាតឱ្យបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ផលិតដោយអាល្លឺម៉ង់ ទៅឱ្យអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍មួយ លោក សូលស៍ បានទទូចថា គោលបំណងរបស់គាត់នៅតែគាំទ្រអ៊ុយក្រែនយ៉ាងសកម្ម ប៉ុន្តែស្របពេលជាមួយគ្នានេះ រូបលោកនៅតែការពារការផ្ទុះជម្លោះដោយផ្ទាល់រវាងអង្គការណាតូ និងរុស្ស៊ី។ លោកថា រាល់ការសម្រេចចិត្តណាមួយ អាល្លឺម៉ង់មិនមែនធ្វើសកម្មភាពតែម្នាក់ឯងនោះទេ ពោលគឺមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមិត្តភក្តិ និងសម្ព័ន្ធមិត្តរបស់ពួកយើង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner