រដ្ឋមន្រ្តីក្រសួងធម្មការ៖ ក្នុងនាមជាអ្នកដឹកនាំកម្មវិធីអាចារ្យត្រូវធើ្វទៅតាមក្បួនច្បាប់ពីបុរាណ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះ ត្រូវឱ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត។
ការលើឡើងរបស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ នៅទីស្ដីការក្រសួង។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់មុខវិជ្ជាទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់រយៈពេល៥ថ្ងៃរបស់ព្រះសិក្ខាកាម សិក្ខាកាមអាចារ្យ អាចារិនី រហូតសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ ដោយជោគជ័យ៕ ដោយ ង៉ាន់ ទិត្យ






