សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានការវិនិយោគទេ ម្លេះពេលនេះកម្មក-កម្មការិនី កំពុងធ្វើស្រែចំការ ឬលក់ដូរតិចតូចនៅផ្ទះនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកគ្រាលំបាកពីអតីតកាល ដែលរាជរដ្ឋាភិបាល បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកៀរគរវិនិយោគិនមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ។ សម្តេចបញ្ជាក់ថា បើគ្មានការវិនិយោគទេ ម្លេះពេលនេះកម្មក-កម្មការិនី កំពុងធ្វើស្រែ ធ្វើចំការ ឬលក់ដូរតិចតូចនៅផ្ទះឯណោះទេ។

សម្តេចបញ្ជាក់ថា ខណៈដែលកម្ពុជា កំពុងមានសុខសន្តិភាព យើងត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធ វិស័យអគ្គិសនី ទឹក និងវិស័យជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។

សម្តេចថា គ្រាន់តែវិស័យកាត់ដេរមួយមុខ កម្ពុជាទទួលបានចំណូលតាមរយៈកម្មករ-កម្មការិនីរោងចក្រកាត់ដេរប្រមាណ ៣.០០០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រ និងថៅកែរោងចក្រស្រុះស្រួលគ្នា កុំស្តាប់តាមការញុះញង់របស់បុគ្គល ឬក្រុមប្រឆាំងណាមួយ ដែលនាំទៅដល់ការខូចប្រយោជន៍ ទាំងសងខាង។ សម្តេច បន្តថា កម្មករ កម្មការិនីរោងចក្រ និងថៅកែ មិនអាចខ្វះ ឬកាត់ផ្តាច់ពីគ្នាបានឡើយ ហើយថៅកែ អត់កម្មករ ក៏មិនបាន ឯកម្មករអត់ថៅកែ ក៏មិនបានដូចគ្នា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ចំនួន១៩.០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។

សូមជម្រាបថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កាលពីឆ្នាំ២០២២ កម្ពុជា បាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ , ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជិត ២ពាន់លានដុល្លារ កើនឡើង ៨៤.៨% និងស្បែកជើងចំនួន ១៧ ០០លានដុល្លារ កើនឡើង២៤.៨% ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner