មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ វាយតម្លៃខ្ពស់គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលការសម្រេចបាននៅរាជធានីភ្នំពេញក្នុងរយៈពេលជិតប្រាំខែឆ្នាំ២០២៣ ពាក់ព័ន្ធការអនុវត្តអនុវត្តគោលនយោបាយខាងលើនេះបានលទ្ធផលល្អប្រសើរ។

ការវាយតម្លៃនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារត្រួតពិនិត្យ កងកម្លាំងទាំង ៣ប្រភេទ និងតំណាងមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែឧសភា។

នៅក្នុងពិធីនោះដែរលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាសុវត្ថិភាពសង្គម ទាំងមុនពេលបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យប្រព្រឹត្តិទៅក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយពុំមានបញ្ហាអសន្ដិសុខប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។

បន្ថែមពីលើនេះ លោកបានឱ្យដឹងថា ក្នុងរយៈពេលប្រមាណប្រាំខែ ដើមឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ដចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយរក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ ជាពិសេស អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រកបដោយបរិយាកាសសប្បាយរីករាយ ពោរពេញដោយមោទនភាពជាតិ ជាទីបំផុតផងដែរ។

ជាមួយគ្នានោះដែរលោក ស៊ុយ សុគន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួន។ ក្នុងនោះបន្តជំរុញពង្រឹងមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្ដចាត់វិធានការឱ្យបានម៉ត់ចត់ និងទាន់ពេលវេលា ក្នុងការលើកកម្ពស់ផ្តល់សេវារដ្ឋបាលសារធារណៈ ដើម្បីឆ្លើយតបតាមសំណូមពរ និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្រោយពីបានស្តាប់របាយការណ៍ឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»បានឯកភាពខ្ពស់ចំពោះលទ្ធផល នៃការសម្រេចបាន និងទិសដៅការងារបន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពនានារបស់រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នាពេលកន្លងមក។នេះបើតាមប្រភពក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានទូលំទូលាយ និងដើម្បីកៀរគរការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាព សុខខុមាលភាព សេវាសាធារណៈ និងទប់ស្កាត់គ្រោះមហន្ដរាយ ព្រមទាំងការឆ្លងរាលដាលនៃជំងឺកាចសាហាវផ្សេងៗ។

គួរបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រួមមាន ការផ្ដល់សេវាសាធារណៈ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ សុខ រក្សា

ads banner