សម្ដេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយអត្តពលិកពិការកម្ពុជានៅមុនការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលរសៀលថ្ងៃទី ២៦ ខែឧសភាបានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួនជូនដល់អត្តពលិកពិការ មុនពេលត្រូវចូលរួមប្រកួតនាដើមខែមិថុនាខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកថា៖«បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) កម្ពុជាក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ពាក់ព័ន្ធអាស៊ានប៉ារ៉ាហ្គេមនេះដែរឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តពីពួកយើង ហើយអាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ពួកគាត់ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់។ ដូច្នេះ សូមបងប្អូនជនរួមជាតិទាំងអស់ បន្តចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិករបស់យើង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារាហ្គេម លើកទី ១២ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជាយើង។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសកម្ពុជា បានបញ្ជូនអត្តពលិកចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា។ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា៕ ដោយ៖ សុខ រក្សា

ads banner