កម្ពុជា-ប៉ូឡូញ បានឯកភាពគ្នាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត ខណៈភាគីទាំងពីរក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ទាំងក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

ពិធីចុះហត្ថេលខានេះ ធ្វើឡើងរវាងឯកឧត្តម ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេសនៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ ដែលបានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី ២ រវាងកម្ពុជា និងប៉ូឡូញ នៅថ្ងៃទី២៥ខែឧសភានេះ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី។

សេចក្តីប្រកាសបន្តថា៖« ឯកឧត្តមទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នក កាន់លិខិតឆ្លងដែនការទូត។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា»។

ប្រភពដដែលបន្តថា ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាឯកឧត្តម ចែម វីឌ៉្យា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាលភិបាលនិងប្រជាជនប៉ូឡូញ ចំពោះជំនួយសប្បុរសធម៌សម្រាប់ការអភិវឌ្ឍដល់កម្ពុជានាច្រើនឆ្នាំកន្លងមក ចាប់តាំងពីកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩។ បន្ថែមពីនេះឯកឧត្តម បានសង្ខេបជូនភាគីមិត្តអំពីទិដ្ឋភាពទូទៅនៃស្ថានភាពនយោបាយនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកលនាពេលឆាប់ៗខាងមុខ ការវិវឌ្ឍសេដ្ឋកិច្ច ភាពអំណោយផល និងទាក់ទាញនៃការវិនិយោគនៅកម្ពុជា។

ឯកឧត្តម Wojciech Gerwel បានស្ងើចសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ របស់កម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលគូសបញ្ជាក់ថា៖«ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-»។ ភាគីទាំងពីរ នឹងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជន។ សម្រាប់កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងកម្ពុជា និងប៉ូឡូញ លើកទី៣ នឹងត្រូវធ្វើឡើងនៅប្រទេសប៉ូឡូញ៕ ដោយ៖ សុខ រក្សា

ads banner