កម្ពុជា និងអង់គ្លេស ចុះអនុស្សរណៈ ដើម្បីបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ចនិងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។

ការចុះហត្ថលេខានេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដោយវេទិកានេះ គឺជាលើកទីមួយ ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ក្នុងពិធីនេះថា វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ប៉ាន់ សូរសក្តិ បានបន្ថែមថា ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។ លោកថា៖«ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា»។

បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សហប្រធានទាំងពីរបានប្រកាសបើកជាផ្លូវការវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទីមួយ ដែលវេទិកានេះមានរបៀបវារៈសំខាន់ៗដូចជា ទី១ បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ និងទី២ កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។

បើតាមក្រសួងពាណិជ្ជកម្ម វេទិកានេះ ក៏មានរៀបចំកិច្ចជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកអំពីបច្ចុបុ្បន្នភាពនៃការអនុវត្តគោលនយោបាយថ្មីៗ និងស្វែងរកកាលានុវត្តភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មទំនិញនិងសេវា និងការវិនិយោគ។

ផ្អែកទិន្នន័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានាពេលកន្លងមក ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧,៤៣ លានដុល្លារអាមេរិក ជាមួយនឹងកំណើន ២៤,៤២ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ដោយឡែកក្នុងរយៈពេល០៤ខែ ឆ្នាំ២០២៣ សម្រេចបានក្នុងទំហំទឹកប្រាក់ជិត២៣៥លានដុល្លារអាមេរិក ថយចុះជាង១៧ភាគរយ៕ ដោយ៖ វណ្ណ សុជាតា

ads banner