សហព័ន្ធរុស្ស៊ី ស្នើកម្ពុជានិងសមាជិកអាស៊ានមួយចំនួនបង្កើនកិច្ចខិតខំប្រឹងប្រែង ឆ្លើយតបការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ សហព័ន្ធរុស្ស៊ី បានស្នើសុំសមាជិកនៃអង្គសមាជក្នុងបណ្តាប្រទេសអាស៊ានចំនួនប្រាំប្រទេស ដែលរួមមានទាំង កម្ពុជាផងនោះ ពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នាលើវិធានការឆ្លើយតបការប្រែប្រួលអាកាសធាតុ កិច្ចគាំពារ និងអភិរក្សបរិស្ថានក្នុងតំបន់ និងសកល។
សំណើរនេះត្រូវបានលើកឡើងក្នុងពេលដែលសមាជិកនៃអង្គសមាជនៃបណ្តាប្រទេសអាស៊ានមួយចំនួន បានចូលរួមសមាជអេកូឡូស៊ីអន្តរជាតិលើកទី១០ (X Nevsky International Ecological Congress) ចាប់ពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង Saint Petersburg នៃសហព័ន្ធរុស្សី។ សមាជនោះ មានការចូលរួមពីសំណាក់ប្រទេសជាសមាជិកអាស៊ានរួមមាន កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម តំណាងប្រទេសមកពីទ្វីបអាស៊ីកណ្តាល តំណាងប្រទេសមកពីទ្វីបអាហ្វ្រិក តំណាងប្រទេសចិន តំណាងអង្គការជាតិ-អន្តរជាតិ និងអង្គការសហប្រជាតិ (UNEP)។ នេះបើតាមក្រសួងបរិស្ថាន។

សម្រាប់ភាគីកម្ពុជា ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក ប្រាក់ ថាវអមិដា អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្សី បានអញ្ជើញទៅចូលរួមក្នុងកម្មវិធីនោះ។
ក្រសួងបរិស្ថាន បានឱ្យដឹងថា អង្គសមាជបានពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗ រួមមានបញ្ហប្រឈមថ្មីៗ នៃការប្រែប្រួលអាកាសធាតុ បរិវត្តកម្មឌីជីថលសម្រាប់វិស័យអេកូឡូស៊ី ធនធានទឹកសម្រាប់អនាគត អេកូ-ទេសចរណ៍ ទំនាក់ទំនងមនុស្ស និងផែនដី។ ពិភាក្សាពីការកំណត់យុទ្ធសាស្រ្ត និងជម្រើសវិធានការនៃកិច្ចគាំពារបរិស្ថាន សេដ្ឋកិច្ចចក្រា ការអភិរក្សបរិស្ថាននៅតំបន់អាក់ទិច និងអង់តាក់ទិក ផលិតផលសរីរាង្គ (ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ) និងតួនាទីព្រៃឈើក្នុងដំណើការធម្មជាតិ។ បើតាមក្រសួងបរិស្ថាន៖«ជារួម សហព័ន្ធរុស្ស៊ីក៏បានស្នើសុំសមាជិកនៃអង្គសមាជពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នាលើវិធានការឆ្លើយតបការប្រែប្រួលអាកាសធាតុ កិច្ចគាំពារ និងអភិរក្សបរិស្ថានក្នុងតំបន់ និងសកល»។

ពាក់ព័ន្ធបរិស្ថាននេះដែរ នៅឯកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ កាលពីពេលថ្មីៗនេះឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ មានប្រសាសន៍ថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនការយុទ្ធសាស្ត្រជាតិជាបន្តបន្ទាប់។ លោក វ៉ាន់ មុនីនាថ ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងការចូលរួមជាមួយអាស៊ាន និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើការរស់នៅរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៍ទាំងក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះ៕ ដោយ៖ សុខ រក្សា