មន្រ្តីប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្តសៀមរាប ជំរុញអាជ្ញាធរបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ករណីរំលោភបំពានលើកុមារ

អត្ថបទដោយ៖
CPA

សៀមរាប៖ ថ្នាក់ដឹកនាំលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានជំរុញ ដល់អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងអង្គការដៃគូនានា បង្កើនកិច្ចខិតខំប្រឹងប្រែងសហការ ដើម្បី ការពារ ទប់ស្កាត់ករណីរំលោភបំពារបំពានលើកុមារគ្រប់រូបភាពតាមរយៈប្រព័ន្ធអនឡាញ។

ការជំរុញនេះបានធ្វើនៅក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបកាលពីថ្ងៃទី២៥ ខែឧសភា ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

នាឱកាសនោះ លោកស្រី យូ សុភា បានលើកឡើងពីស្ថានភាពទូទៅក្នុងខេត្តពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន នៅតែមានភាព
ស្មុគ្រស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋ។ លោកស្រីបន្តថា អាជីវកម្មផ្លូវភេទទាំងនោះ អាចកើតមានឡើងតាមរូបភាព ការបើកជាសេវាកម្សាន្ត ខារ៉ាអូខេ ម៉ាស្សា ការងារតាមហាងបៀរហ្គាដិន ឬតាមរូបភាពភ្ជាប់ពាក្យឬអាពាហ៍ពិពាហ៍នាំស្ត្រីចេញទៅក្រៅប្រទេសតាមទិដ្ឋាការទេសចរណ៍ជាដើម។

ជាមួយគ្នានេះ លោកស្រី យូ សុភា បានជំរុញនិងសំណូមពរដល់អាជ្ញាធរមូលដ្ឋានកម្លាំងសមត្ថកិច្ច និងអង្គការដៃគូនានា បន្តយកចិត្តទុកដាក់ពិនិត្យតាមដានគ្រប់រូបភាពទៅលើការរំលោភបំពានកុមារតាមអនឡាញដោយប្រើទូរស័ព្ទ។ លោកថាបញ្ជាក់ថា ហេតុនេះទាមទារឱ្យគ្រប់ភាគីនៃក្រុមការងារ គ.ខ.ប.ជ បង្កើនកិច្ចខិតខំប្រឹងប្រែងសហការ ដើម្បីការពារ ទប់ស្កាត់ ករណីរំលោភ បំពារបំពានលើកុមារតាមគ្រប់រូបភាពនៃប្រព័ន្ធអនឡាញ តាមរយៈការផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ពីព្រោះបច្ចុប្បន្នជាយុគសម័យរីកចម្រើនខាងប្រព័ន្ធព័ត៌មានវិទ្យា ហើយកុមារជាទំពាំងស្នងឬស្សី ជាសសរទ្រូងត្រូវបន្តវេនក្នុងការរួមចំណែកកសាងប្រទេសជាតិនាពេលអនាគតដ៏មានសារៈសំខាន់ផងដែរ។

សូមជម្រាបថា អង្គប្រជុំខាងលើនេះ បានធ្វើការពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ ពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព។ នៅក្នុងកិច្ចប្រជុំក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយសារការរត់ពន្ធឆ្លងដែន ៕ ដោយ៖ សុខ រក្សា

ads banner