រដ្ឋមន្រ្តីក្រសួងសាធារណការ៖អន្តរជាតិបានដឹងកាន់តែច្បាស់ពីគោលនយោបាយក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា
ភ្នំពេញ៖ នាវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលរៀបចំឡើងនៅប្រទេសអាល្លឺម៉ង់ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំថា កម្ពុជាបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន តាមរយៈការអនុវត្តគម្រោងរថយន្តក្រុងដើរដោយថាមពលអគ្គិសនី និងការរៀបចំគោលនយោបាយនានា។

ការថ្លែងបែបនេះធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF-2023 Summit) ដែលប្រព្រឹត្តទៅនៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ លោកបានផ្តើមបេសកកម្មការងារនៅថ្ងៃទី២៤ ខែឧសភា ដោយការចូលរួមនៅក្នុងកម្មវិធីបើកកិច្ចប្រជុំពេញអង្គ ថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូននៃ ITF ក្រោមប្រធានបទ “វិស័យដឹកជញ្ជូន ដើរតួជាគន្លឹះក្នុងការបង្កើតឱ្យមានចីរភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាព នៅក្នុងដំណាក់កាលដែលមានវិបត្តិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ។

ថ្ងៃទី២៥ ខែឧសភា ដែលជាថ្ងៃទីពីរ នៃបេសកកកម្មការងារក្នុងទីក្រុងឡាពហ្សិកឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំសំខាន់ៗចំនួនពីរ ក្នុងនោះ ទី១ជាកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន និងទី២ ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អ្នកសិក្សាស្រាវជ្រាវ និងផ្នែកឯកជន។ កិច្ចប្រជុំទាំងពីរនេះ ជាកិច្ចប្រជុំយ៉ាងសំខាន់នៅក្នុងដំណើរការការងាររបស់ វេទិកាដឹកជញ្ជូនអន្តរជាតិ។
ក្នុងឱកាសនោះឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបទអន្តរាគមន៍ ជូនកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវឌ្ឍនភាពនៃការអភិវឌ្ឍ ទៅតាមមធ្យោបាយដឹកជញ្ជូននីមួយៗ រួមមាន ការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២៣-២០២៥។

លើសពីនេះទៀត ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន តាមរយៈការអនុវត្តគម្រោងរថយន្តក្រុងដើរដោយថាមពលអគ្គិសនី (E-Bus) នៅក្រុងសៀមរាប ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនានា សំដៅកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន។
ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា អន្តរជាតិបានដឹងកាន់តែច្បាស់ពីគោលនយោបាយក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាមួយនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន តាមរយៈកិច្ចប្រជុំកំពូលរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ។
ជាមួយគ្នានេះ អគ្គលេខាធិការវេទិកាដឹកជញ្ជូនអន្តរជាតិ ITFលោក Young Tae Kim បានលើកឡើងថា ការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន នឹងធ្វើឱ្យទីក្រុងកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ ធ្វើឱ្យការធ្វើដំណើរតាមផ្លូវថ្នល់មានសុវត្ថិភាពជាងមុន ធ្វើឱ្យគុណភាពខ្យល់ដកដង្ហើមល្អជាងមុន ធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព និងមានភាពស៊ាំ ក៏ដូចជាផ្តល់ជម្រើសច្រើនសម្រាប់អ្នកធ្វើដំណើរផងដែរ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនីមួយៗ និងដៃគូអភិវឌ្ឍន៍ បានចែករំលែកនូវបទពិសោធល្អៗ បញ្ហាប្រឈម និងឱកាសក្នុងការជំរុញការដឹកជញ្ជូនបៃតង។ កិច្ចប្រជុំកំពូល ITF-2023 Summit មានអ្នកចូលរួមជាង ១១០០នាក់ និងរដ្ឋមន្រ្តី/អនុរដ្ឋមន្រ្តីដឹកជញ្ជូនជាង ៥០នាក់ ដែលអញ្ជើញមកពីបណ្តាប្រទសជាសមាជិកនៃ ITF ទាំង ៦៤ ក្រុមហ៊ុនវិនិយោគធំៗ និងសាជីវកម្មអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ តំណាងអង្គការសហប្រជាតិផ្នែកសេដ្ឋកិច្ចអឺរ៉ុប និងបណ្តាប្រទេសជាអ្នកសង្កេតការណ៍៕ ដោយ៖ សុខ រក្សា