គណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានត្រឡប់ពីទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ គណប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកពីទស្សនកិច្ចជាផ្លូវការវិញហើយ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានស្នាក់នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមអស់រយៈពេល៣ថ្ងៃរួចមក ។

បើតាមការឲ្យដឹងពី ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់អ្នកសាព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ថា៖ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងតាមការអញ្ជើញរបស់ភាគីវៀតណាម និងពិនិត្យពីវឌ្ឍនភាព វិស័យអធិការកិច្ចដែលបានធ្វើកិច្ចសហប្រតិបត្តិការកន្លងទៅ រួមនឹងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា ពិធីចុះហត្ថលេខាលើឯកសារនៃអនុស្សារណៈនេះ បានធ្វើឡើងរវាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយឯកឧត្តម ឌ័ន ហុងហ្វុង(Doan Hong Phong) សមាជិកមជ្ឈិមបក្ស និងជាអគ្គាធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម កាលពីរសៀលថ្ងៃទី២៦ ខែឧសភា នៅទីស្តីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម ។

អ្នកនាំពាក្យរូបនេះ បានរំលឹកថា៖ នៅក្នុងអនុស្សារណៈ កាលពីឆ្នាំ២០០៦-២០១៨ វិស័យអធិការកិច្ច នៃប្រទេសទាំងពីរមានវឌ្ឍនភាពគួរឲ្យកត់សំគាល់ ពិសេសលើការបណ្តេះបណ្តាលធនធានមនុស្ស ក្នុងនោះមន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលរួចហើយនូវការបណ្តុះបណ្តាល ដែលមានរយៈពេល៦ខែ ៣ខែ និង១ខែ មានចំនួនសរុប២២៥នាក់ ។

ទន្ទឹមនឹងពិធីចុះហត្ថលេខាលើអនុស្សារណៈដ៏មានសារៈសំខាន់នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំងពីរបានសម្តែងនូវមោទកភាពនៃកិច្ចសហប្រតិបត្តការល្អលើគ្រប់វិស័យ ដើម្បីប្រយោជន៍ នៃសន្តិភាព មិត្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រជាជន និងប្រជាជាតិទាំងពីរ ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី វៀតណាម បានថ្លែងនូវការកោតសរសើរការរីកចំរើនរបស់កម្ពុជា និងជោគជ័យធំ នៃការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គែមលើកទី៣២ និងសូមជូនពរឲ្យការបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទទួលបានជោគជ័យ ។
ជាការឆ្លើយតបនៅក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំបក្ស-រដ្ឋ និងប្រជាជនវៀតណាមប្រកបដោយការនឹករលឹក និងបានបញ្ជាក់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ។

ក្នុងឳកាសស្នាក់នៅទីក្រុងហាណូយនៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនៈកិច្ចនៅក្រុមហ៊ុនViettel ដែលជាក្រុមហ៊ុនវិនិយោគបណ្តាញទូរគមនាគមន៍នាំមុខគេនៅប្រទេសវៀតណាម និងបានពង្រីកទៅតាមបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ហើយបាននឹងកំពុងទទួលការគាំទ្រ និងទទួលបានជោគជ័យក្នុងវិស័យនេះ ។

នៅថ្ងៃទី២៧ ខែឧសភា មុនពេលចាកចេញពីទីក្រុងហាណូយ ម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូទស្សនៈកិច្ចនៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងបានបន្តមកដល់កម្ពុជាវិញដោយនាំមកនូវផ្លែផ្កា និងសុវត្ថិភាព ៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner